កូរ៉េជួយសិក្សាលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋច្រកទ្វារអន្តរជាតិកម្ពុជា វៀតណាមក្នុងខេត្តក្រចេះ

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ លទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពដំបូង លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធច្រកព្រំដែនអន្តរជាតិ “ត្រពាំងស្រែ ខេត្តក្រចេះ ក្រោមគម្រោងស្ដីពីការបង្កើតផែនការគ្រប់ជ្រុងជ្រោយ នៃច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ (ព្រំដែនកម្ពុជា-វៀតណាម) ត្រូវបានភាគីកូរ៉េលើកយកមកធ្វើបទបង្ហាញជូនភាគីកម្ពុជា។

សិក្ខាសាលានេះ ដឹកនាំដោយលោកវ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិ​ការក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក Yoo Han-Jun ទីប្រឹក្សាជាន់ខ្ពស់សមាគមសាងសង់អន្តរជាតិកូរ៉េ (ICAK) និងជាតំណាងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃសាធារណរដ្ឋកូរ៉េ (MOLIT)។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យមើលលទ្ធផល នៃការសិក្សាសមិទ្ធិលទ្ធភាពដំបូង របស់អ្នកជំនាញកូរ៉េទាក់ទងនឹងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធច្រកព្រំដែនអន្តរជាតិត្រ​ពាំងស្រែ រួមមានការសិក្សាលើ៖ (១) ប្រព័ន្ធភស្តុភារកម្ម (២) ស្ថាបត្យកម្មរចនាបថអគារ (៣) រំហូរចរាចរណ៍ទំនិញ និងមនុស្ស (៤) ការគិតគូរពីបរិស្ថាន (៥) ការវិភាគសេដ្ឋកិច្ច និង(៦) ការវិភាគហិរញ្ញវត្ថុ ដើម្បីប្រមូលធាតុចូលបន្ថែម សំដៅធ្វើឱ្យប្រសើរឡើងនូវគម្រោងស្ដីពីការបង្កើតផែនការគ្រប់ជ្រុងជ្រោយ នៃច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ដែលស្ថិតក្នុងភូមិសាស្ត្រ ស្រុកស្នួល ខេត្តក្រចេះ (ព្រំដែនកម្ពុជា-វៀតណាម)។

ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះ លោកវ៉ាស៊ីម សូរិយាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្ររបស់ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃសាធារណរដ្ឋកូរ៉េ (MOLIT) និងសមាគម ICAK និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អ្នកជំនាញការកូរ៉េ ដែលបានចុះមកសិក្សាផ្ទាល់ពីសក្តានុពល នៃច្រកទ្វារព្រំដែនត្រពាំងស្រែ និងបានស្នើឡើងនូវផែនការអភិវឌ្ឍន៍នានា ដើម្បីបង្កើនសមត្ថភាពប្រតិបត្តិការនៅច្រកទ្វារមួយនេះ សំដៅចូលរួមចំណែ​កធ្វើឱ្យប្រសើរឡើងប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here