ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ ក្រុមហ៊ុន WANLI TIRE CORPORATION LIMITED. គឺជាក្រុមហ៊ុនផលិតសំបកកង់យានយន្ត ដ៏ធំមួយនៅក្រុងក្វាងចូវ និងក្រុងហឺប៉ីយ នៃសាធារណរដ្ឋប្រជាមានិតចិន បានចំណាប់អារម្មណ៍ខ្ពស់ និងមានគោលបំណងស្វែងយល់ កាលានុវត្តភាពវិនិយោគ ក្នុងវិស័យផលិតសំបកកង់យានយន្តនៅកម្ពុជា។
ព៌តមាននេះត្រូវបានលើកឡើងក្នុងជំនួប រវាងលោកជា វុទ្ធី អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា/គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអនុញ្ញាតឱ្យគណៈប្រតិភូនៃក្រុមហ៊ុន WANLI TIRE CORPORATION LIMITED. មកពីសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ លោក Wang Song ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
-->

លោកជា វុទ្ធី បានជម្រាបជូនគណៈប្រតិភូក្រុមហ៊ុន នូវកាលានុវត្តភាពវិនិយោគនៅកម្ពុជា ជាពិសេសកិច្ចសម្រួលធុរកិច្ច និងការផ្តល់ជូននូវការលើកទឹកចិត្ត ប្រកបដោយភាពទាក់ទាញ ដូចមានចែងនៅក្នុងច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា។ លោកក៏បានជំរុញលើកទឹកចិត្តដល់ក្រុមហ៊ុន ត្រូវធ្វើការសិក្សាស៊ីជម្រៅលើទីតាំងប៉ូលសេដ្ឋកិច្ច និងសក្តានុពលសំខាន់ៗរបស់កម្ពុជា ដើម្បីធ្វើការសម្រេចចិត្តវិនិយោគនៅកម្ពុជា។

ប្រតិភូក្រុមហ៊ុន Wanli Tire Corporation Limited. បានសម្តែងអំណរគុណ ចំពោះការទទួលបដិសណ្ឋារកិច្ចនាពេលនេះ និងបានជម្រាបជូនថា ព្រះរាជាណាចក្រកម្ពុជា គឺជាគោលដៅវិនិយោគដ៍មានសក្តានុពល និងមានភាពទាក់ទាញខ្ពស់ សម្រាប់ការសម្រេចចិត្តវិនិយោគនៅក្រៅប្រទេសរបស់ក្រុមហ៊ុន។
លោកសង្ឃឹមយ៉ាងមុតមាំថា ការសម្រេចចិត្តវិនិយោគរបស់ក្រុមហ៊ុននឹងចូលរួមចំណែកជំរុញទ្វេរឡើង នូវកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ដែលជាកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងប្រទេសទាំងពីរ ឱ្យកាន់តែមានភាពរីកចម្រើន និងស៊ីជម្រៅ៕