ដោយ: គង់ លាងហួរ
ភ្នំពេញ: លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT) បានឱ្យដឹងកាលពីម្សិលមិញនេះថា ការសិក្សាលទ្ធភាពលើគម្រោងផ្លូវល្បឿនលឿនទី៣ របស់កម្ពុជា គឺផ្លូវល្បឿនលឿនភ្នំពេញ- សៀមរាបនឹងបញ្ចប់នៅថ្ងៃនេះ មួយសប្តាហ៍មុនការបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអះអាងកាលពីពេលថ្មីៗនេះថា ការសិក្សាលទ្ធភាពត្រូវបានបញ្ចប់ តាមការគ្រោងទុក បន្ទាប់ពីក្រុមហ៊ុនសាងសង់ហេដ្ឋារចនាសម្ព័ន្ធចិន China Road and Bridge Corporation (CRBC) បានសន្យាថានឹងបញ្ចប់ការសិក្សានៅចុងខែឧសភា ឆ្នាំនេះ ហើយបន្ទាប់មកបញ្ជូនរបាយការណ៍សិក្សា ទៅកាន់ក្រសួងសាធារណការ និងដឹកជញ្ជូនដើម្បីពិនិត្យ និងពិចារណា។
-->

លោកបន្តថា “យើងនឹងទន្ទឹងរង់ចាំមើលលទ្ធផល នៃការសិក្សាលម្អិតដែលធ្វើឡើង ដោយក្រុមហ៊ុនដើម្បីពិនិត្យមើលថា តើយើងអាចធ្វើវាបានឬអត់ ប៉ុន្តែខ្ញុំជឿជាក់ថា យើងនឹងអាចធ្វើវាបាន ដោយ សារចំនួនយានយន្តទៅខេត្តនោះមានចំនួនច្រើន”។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកកា រដ្ឋានសាងសង់នៅថ្ងៃទី៧ ខែមិថុនាខាងមុខ ដើម្បីបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ- បាវិត តម្លៃ ១,៤ ពាន់លានដុល្លារអាមេរិក ដែលនឹងតភ្ជាប់ទៅផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលបានសាងសង់រួចហើយ ដែលលាតសន្ធឹងពីផ្លូវជាតិលេខ៤ និងកាត់តាមផ្លូវជាតិលេខ២ និងលេខ៣ តភ្ជាប់ទៅនឹងផ្លូវជាតិលេខ១។

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី៧ ខែមិថុនា ប្រហែល២០ថ្ងៃ បន្ទាប់ពីលោក ស៊ុន ចាន់ថុល បានចុះហត្ថលេខាលើកិច្ចសន្យា Public-Private Partnership (PPP) ជាមួយនាយកគ្រប់គ្រងទូទៅរបស់ CRBC លោក Zhou Yong ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ នៃភាគីទាំងពីរ និងក្រសួងផ្សេងៗទៀត៕
