ហេតុអ្វីIFCសហការវិនិយោគលើគំរោងមជ្ឈមណ្ឌលភស្តុភារកម្ម ក្រុងព្រះសីហនុ?

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ការសិក្សាសមិទ្ឋលទ្ឋភាព នៃគំរោងមជ្ឈមណ្ឌលភស្តុភារកម្ម ខេត្តព្រះសីហនុត្រូវបានចាប់ផ្តើមហើយ បន្ទាប់ពីចុះកិច្ចព្រមព្រៀងកាលពីខែមេសា ដោយរំពឹងថានឹងបញ្ចប់ការសិក្សានាចុងខែវិច្ឆិកាខាងមុខ។

ព៌តមាននេះ ត្រូវបានលើកឡើងដោយលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំដំបូងបំផុតដើម្បីចាប់ផ្តើមអនុវត្ត ការសិក្សាសមិទ្ធិលទ្ធភាព គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ (Kick-Off Meeting of Feasibilities Study on Sihanouk Ville Logistics Complex Project)។

កិច្ចប្រជុំនេះមានការចូលរួមដោយផ្ទាល់ និងចូលរួមតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Zoom) ពីសំណាក់ លោក លោកជំទាវ ជាថ្នាក់ដឹកនាំ ក្រុមការងារបច្ចេកទេសនៃ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC មន្ត្រីបច្ចេកទេសពាក់ព័ន្ធរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងបរិស្ថាន  ក្រសួងរ៉ែ និងថាមពល។

កិច្ចប្រជុំនាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន៦ រួមមាន៖ (១) ការណែនាំអំពីសមាសភាពក្រុមការងាររបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC  (២) ការបញ្ជាក់លើគោលបំណងរបស់រាជរដ្ឋាភិបាល លើគម្រោងការងារនេះ និងអាទិភាព (៣) កិច្ចពិភាក្សាអំពី ការស្វែងរកគន្លឹះនៃរបាយការណ៍សម្រាប់ករណីអាជីវកម្ម ក្នុងទម្រង់ភាពជាដៃគូរវាងរដ្ឋ និងផ្នែកឯកជន (ហៅកាត់ថា PPP) បញ្ហា ឬ ហានិភ័យ ដែលអាចនឹងប៉ះពាល់ដល់គម្រោង (៤)បទបង្ហាញអំពី វិធីសាស្រ្តក្នុងការអនុវត្តការងារ របស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC។

  (៥) ការលើកសំណើអំពីវិធីសាស្ត្រ ក្នុងការទំនាក់ទំនង និងសម្របសម្រួល រវាងក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនិង សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC (៦) បទបង្ហាញអំពីការកំណត់កាលបរិច្ឆេទ ដែលគ្រោងនឹងផ្តល់ជូននូវលទ្ធផលនៃការសិក្សា និងកិច្ចការជំហានបន្ទាប់។

មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ គឺជាមជ្ឈមណ្ឌលភស្តុភារកម្មអាទិភាពមួយក្នុងចំណោម មជ្ឈមណ្ឌលភស្តុភារកម្មអាទិភាពចំនួនពីរ ដែលនឹងត្រូវអភិវឌ្ឍជាបន្តបន្ទាប់តាមផែនការមេ (Comprehensive Intermodal Transport Master Plan 2022-2030) និងជា មជ្ឍមណ្ឌលភស្តុភារកម្មទី២ បន្ទាប់ពីគម្រោងអភិវឌ្ឍមណ្ឌលភស្តុភារកម្មភ្នំពេញ (Phnom Penh Logistics Complex) នៅក្នុងប្រទេសកម្ពុជា ដែលនឹងអាចប្រែក្លាយកម្ពុជា ទៅជាមជ្ឈមណ្ឌ​លភស្តុភារកម្មប្រចាំតំបន់ នៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍។

ជាមួយនឹងទីតាំងយុទ្ធសាស្ត្រ នៅភាគនិរតីតាមឆ្នេរសមុទ្រ និងដោយមានការតភ្ជាប់ល្អជាមួយ ផ្លូជាតិ ផ្លូវល្បឿនលឿន ផ្លូវដែក (ដែលអនាគតនឹងក្លាយទៅជា ផ្លូវដែកល្បឿនលឿន) និងផ្លូវអាកាសផងនោះ មជ្ឈមណ្ឌលមណ្ឌលភស្តុភារកម្មនេះ នឹងរួមចំណែកបំពេញសមត្ថភាពបន្ថែម ទៅឱ្យកំពង់ផែក្រុងព្រះសីហនុ ជាកំពង់ផែសមុទ្រទឹកជ្រៅអន្តរជាតិ និងពាណិជ្ជកម្មតែមួយគត់របស់កម្ពុជា ដែលគ្រប់គ្រងពីរភាគបី នៃចំនួនកុងតឺន័រទាំងអស់ ដែលឆ្លងកាត់ប្រទេស។ គម្រោងនេះត្រូវបានគេរំពឹងថា នឹងត្រូវបានសិក្សាជាដំណាក់កាល ដែលរាជរដ្ឋាភិបាលត្រូវបង់កម្រៃសេវាជូន IFC ទៅតាមដំណាក់កាលនីមួយៗ ប៉ុន្តែថវិកានេះ នឹងត្រូវបង្វែរសងមករាជរដ្ឋាភិបាលវិញ ដោយក្រុមហ៊ុន ដែលទទួលបានជ័យជម្នះ ក្នុងការដេញថ្លៃជាសាធារណៈ៕

LEAVE A REPLY

Please enter your comment!
Please enter your name here