ដោយ: គង់ លាងហួរ
តូក្យូ: យោងតាមទិន្នន័យរបស់រដ្ឋាភិបាលជប៉ុន បានបង្ហាញថា ចំនួនភ្ញៀវបរទេស ស្នាក់នៅមួយយប់នៅសណ្ឋាគារ និងកន្លែងស្នាក់នៅផ្សេងទៀត នៅក្នុងប្រទេសជប៉ុន មានចំនួនសរុប១០,៣៨លាននាក់ក្នុងខែមេសា ពោលគឺកើនលើសពី១០លាននាក់ ជាលើកដំបូងចាប់តាំងពីខែមករាឆ្នាំ២០២០មក។
តួលេខខែមេសាបានបង្ហាញសញ្ញា នៃការកើនឡើង១៩,៥ដងធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន និងស្មើនឹង៩២ភាគរយនៃចំនួនភ្ញៀវបរទេសសរុបនៅក្នុងខែមេសា ឆ្នាំ២០១៩ មុនពេលផ្ទុះឡើងនៃជំងឺកូវីដ-១៩។ នេះបើយោងតាមទិន្នន័យបឋម ដែលចេញផ្សាយដោយទីភ្នាក់ងារទេសចរណ៍ជប៉ុនកាលពីថ្ងៃពុធ។ទិន្នន័យដដែលបានបង្ហាញថា សម្រាប់អ្នកដំណើរជនជាតិជប៉ុន តួលេខនេះបានកើនឡើង ដល់៣៧,២៤លាននាក់ ពោលគឺកើនឡើង១២,៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ប៉ុន្តែធ្លាក់ចុះ៥,៦ភាគរយធៀបនឹងឆ្នាំ ២០១៩។
ភ្ញៀវបរទេស និងជប៉ុនដែលស្នាក់នៅពេញមួយយប់ នៅឯសណ្ឋាគារមានចំនួន៤៧,៦៣លាននាក់ កើនឡើង៤១,៦ភាគរយធៀបនឹងឆ្នាំមុន ប៉ុន្តែធ្លាក់ចុះ៦,១ភាគរ យធៀបនឹងខែមេសា ឆ្នាំ២០១៩។
យោងតាមក្រុមហ៊ុនស្រាវជ្រាវ MSCI Real Assets បានឱ្យដឹងថា វិនិយោគិនមកពីបរទេស កំពុងជះប្រាក់ក្នុងវិស័យសណ្ឋាគារជប៉ុនក្នុងអត្រាមួយ ដែលមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១៤។ ជាក់ស្តែង កាលពីឆ្នាំ២០២២ ប្រភពនៃអ្នកវិនិយោគនៅក្រៅប្រទេស គ្រប់ដណ្តប់ជិតពាក់កណ្តាល នៃកិច្ចព្រមព្រៀងសណ្ឋាគារ តម្លៃចំនួន៤៩៤,៣ពាន់លានយ៉េន។
ចាប់តាំងពីការស្នាក់នៅក្នុងទីក្រុងដ៏សំបូរបែប ទៅកាន់រមណីយដ្ឋានឆ្នេរ សណ្ឋាគារថ្លៃៗជាច្រើនកំពុង បើកដំណើរការនៅទូទាំងប្រទេសជប៉ុនយ៉ាងគគ្រឹកគគ្រេង ហើយនិន្នាការស្នាក់នៅកន្លែងប្រណីតៗមិនបង្ហាញសញ្ញា នៃការថមថយចុះក្នុងពេលឆាប់ៗនេះនោះទេ៕