ដោយ: គង់ លាងហួរ
ប៉េកាំង: អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោកស្រី Shu Jueting បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិននឹងតាមដានយ៉ាងដិតដល់នូវវឌ្ឍនភាព នៃការពិភាក្សារបស់សហភាពអឺរ៉ុបស្តីពីការដាក់ទណ្ឌកម្មលើកទី១១ ប្រឆាំងនឹងប្រទេសរុស្ស៊ី ដែលអាចបណ្តាលឱ្យមានការរឹតបន្តឹង ពាណិជ្ជកម្មជាមួយប្រទេសចិន។
លោកស្រី Shu បានបន្តថា “ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះទណ្ឌកម្មឯកតោភាគី ដែលមិនមានមូលដ្ឋាននៅក្នុងច្បាប់អន្តរជាតិ និងមិនត្រូវបានអនុញ្ញាត ដោយក្រុមប្រឹក្សាសន្តិសុខ ក៏ដូចជាអំណាចយុត្តាធិការហួសព្រំដែន”។លោកស្រីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន Shu Jueting បានបន្ថែមទៀតថា “ប្រទេសចិននឹងការពារយ៉ាងម៉ឺងម៉ាត់ នូវសិទ្ធិរបស់សហគ្រាសចិន ដើម្បីធ្វើពាណិជ្ជកម្មធម្មតា”។អាល្លឺម៉ង់បានលើកឡើង ពីការព្រួយបារម្ភនៅក្នុងប្លុកជុំវិញការផ្តោតគោលដៅលើប្រទេសចិន ក្រោមវិធានការថ្មី ជាមួយនឹងសំណើ ដូចជាការចុះបញ្ជីខ្មៅ លើក្រុមហ៊ុនចិនមួយចំនួន និងការដាក់ចេញនូវយន្តការដែលអាចត្រួសត្រាយផ្លូវ ដល់ការរឹតបន្តឹងការនាំចេញរបស់សហភាពអឺរ៉ុបទៅកាន់ប្រទេស ដែលដើរចៀសវៀងវិធានការទាំងនេះ។