ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមអ្នកជំនាញឧស្សាហកម្មបានលើកឡើងថា ការប្រែប្រួលនៃទីផ្សារភាគហ៊ុនថៃជុំវិញភាពមិនច្បាស់លាស់ខាងនយោបាយ បន្ទាប់ពីការបោះឆ្នោតសកល រួមជាមួយការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកដោយសារការកើនឡើងនៃអតិផរណា បានធ្វើឱ្យអចលនទ្រព្យសម្រាប់ការវិនិយោគជាជម្រើសដ៏គួរឱ្យទាក់ទាញក្នុងចំណោមអ្នកវិនិយោគសម័យទំនើប។
លោក Chanin Wanichwong នាយកប្រតិបត្តិនៃក្រុមហ៊ុន Habitat Group បានអះអាងថា “ការកើនឡើងនៃចំនួនអ្នកវិនិយោគជំនាន់ថ្មីដែលមានអាយុចន្លោះពី៣០ទៅ៤០ឆ្នាំ កំពុងទិញខុនដូ និងដាក់ជួលខុនដូដែលពួកគេបានទិញសម្រាប់រកប្រាក់ចំណេញរយៈពេលខ្លី និងរយៈពេលវែង។
លោកបន្តថា “ខុនដូដែលមានតម្លៃចន្លោះពី៥ ទៅ៨លានបាតបានក្លាយជាការពេញនិយមយ៉ាងខ្លាំងជាជម្រើសនៃការវិនិយោគដើម្បីបង្កើតប្រាក់ចំណូលអកម្ម”។
លោកបានបន្ថែមថា កត្តាដែលរួមចំណែកដល់និន្នាការនេះ គឺការងើបឡើងវិញនៃឧស្សាហកម្មទេសចរណ៍ ដែលជំរុញឱ្យមានលំហូរនៃភ្ញៀវបរទេសស្វែងរកកន្លែងស្នាក់នៅ ជាពិសេសនៅក្នុងទីក្រុងទេសចរណ៍ ដូចជាទីក្រុងប៉ាតាយ៉ាជាដើម។






