ដោយ: គង់ លាងហួរ
ហាណូយ: ក្រុមហ៊ុនជាង៨៨.០០០នៅក្នុងប្រទេសវៀតណាមបានបិទអាជីវកម្មរបស់ពួកគេក្នុងរយៈពេល៥ខែដំបូង ដែលក្រុមហ៊ុនទាំងនោះភាគច្រើនបានចូលរួមក្នុងការអភិវឌ្ឍ និងលក់អចលនទ្រព្យ។ នេះបើយោងតាមទិន្នន័យចុងក្រោយដែលចេញផ្សាយដោយការិយាល័យស្ថិតិទូទៅ (GSO) ។
លោក Nguyen Chi Dung រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគបានមានប្រសាសន៍ថា “ វិស័យអចលនទ្រព្យនៅតែបន្តរងផលប៉ះពាល់ខ្លាំងបំផុត ដោយសារចំនួនក្រុមហ៊ុនអចលនទ្រព្យបិទទ្វារបានកើនឡើងយ៉ាងខ្លាំងក្នុងអត្រា៤២,៤ភាគរយក្នុងឆ្នាំ២០២២ ធៀបនឹងឆ្នាំ២០២១ និងកើនឡើង៤៧,១ភាគរយក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំនេះ”។នៅក្នុងត្រីមាសទីមួយ ប្រទេសវៀតណាមបានកត់ត្រាការធ្លាក់ចុះ៦៣ភាគរយនៃចំនួនក្រុមហ៊ុនថ្មីនៅក្នុងវិស័យអចលនទ្រព្យធៀបនឹងឆ្នាំមុន ខណៈដែលការបិទអាជីវកម្មជាអចិន្ត្រៃយ៍ក្នុងវិស័យនេះបានកើនឡើង៣០ភាគរយ ហើយចំនួនក្រុមហ៊ុនដែលបិទជាបណ្តោះអាសន្នបានកើនឡើង៦១ភាគរយ។
ក្រុមហ៊ុនអចលនទ្រព្យត្រូវបានបង្ខំឱ្យកាត់បន្ថយប្រតិបត្តិការ និងកាត់បន្ថយបុគ្គលិក។ ក្រសួងសំណង់វៀតណាមបានអះអាងថា យើងធ្វើការប៉ាន់ប្រមាណថា រវាង៣០ភាគរយទៅ៥០ភាគរយនៃក្រុមហ៊ុនឈ្មួញកណ្តាលអចលនៈទ្រព្យបានបិទទ្វាររបស់ពួកគេ ឬឈប់ដំណើរការនៅក្នុងត្រីមាសទី១ បើធៀបនឹងត្រីមាសទី៤ កាលពីឆ្នាំមុន។
វិស័យអចលនទ្រព្យរបស់ប្រទេសវៀតណាមបានជួបការលំបាកក្នុងការរៃអង្គាសថវិកា ទាំងប្រាក់កម្ចីពីធនាគារ និងមូលបត្របំណុលសាជីវកម្ម ដែលនាំឱ្យគម្រោងជាច្រើនជាប់គាំងចាប់តាំងពីឆ្នាំមុន។
លើសពីនេះទៀត អ្នកអភិវឌ្ឍន៍អចលនទ្រព្យវៀតណាមជាច្រើនកំពុងលក់ទ្រព្យសកម្ម ក្នុងការបញ្ចុះតម្លៃ ខណៈដែលពួកគេស្ថិតនៅក្រោមភាពតានតឹងផ្នែកសាច់ប្រាក់យ៉ាងធ្ងន់ធ្ងរ ស្របពេលមានស្ថានភាពទីផ្សារដ៏លំបាក៕