សារព័ត៌មានដ៏ល្បី Bloomberg: ប្រទេសចិនគ្រោងបញ្ចេញកញ្ចប់គាំទ្រទីផ្សារអចលនទ្រព្យថ្មីដើម្បីជំរុញសេដ្ឋកិច្ច

0

ដោយៈ សុខុម

ហុងកុង: ប្រទេសចិន កំពុងត្រៀមដាក់ចេញវិធានការថ្មីៗ ដើម្បីគាំទ្រដល់ទីផ្សារអចលនទ្រព្យ បន្ទាប់ពីគោលនយោបាយដែលមានស្រាប់ មិនអាចរក្សាសន្ទុះងើបឡើងក្នុងវិស័យនេះបាន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg News ចុះផ្សាយដោយដកសប្រភពច្បាស់ការកាលពីថ្ងៃសុក្រ ទី០២ ខែមិថុនា។

សារព័ត៌មានដដែលបានឱ្យដឹងទៀតថា ក្រុមនិយ័តករចិន កំពុងពិចារណាកាត់បន្ថយប្រាក់ បង់មុនសម្រាប់ការបង់រំលស់ (Down Payment) នៅក្នុងទីក្រុងធំៗ កាត់បន្ថយកម្រៃជើងសារភ្នាក់ងារលើប្រតិបត្តិការទិញលក់ និងបន្ធូរបន្ថយបន្ថែមទៀត នូវការរឹតបន្តឹងសម្រាប់ការទិញលំនៅដ្ឋាន ក្រោមការណែនាំរបស់ក្រុមប្រឹក្សារដ្ឋ។ទោះជាយ៉ាងណា ពេលទីភ្នាក់ងារព័ត៌មាន Reuters ទាក់ទងទៅ ក្រុមប្រឹក្សារដ្ឋមិនបានឆ្លើយបំភ្លឺនោះទេ។វិស័យអចលនទ្រព្យ ដែលធ្លាប់តែជាសសរស្តម្ភដ៏សំខាន់មួយនៃកំណើនសេដ្ឋកិច្ចចិន បានធ្លាក់ចុះយ៉ាងខ្លាំងកាលពីឆ្នាំមុន ដោយក្រុមហ៊ុនអភិវឌ្ឍន៍ជាបន្តបន្ទាប់ បានខកខានទូទាត់បំណុល ឬ សញ្ញាប័ណ្ណ និងបានផ្អាកការសាងសង់គម្រោងលំនៅដ្ឋាន ដែលត្រូវបានលក់មុនគម្រោងចាប់ផ្ដើម។

ក្រុមអ្នកបង្កើតគោលនយោបាយ បានដាក់ចេញនូវវិធានការនានាចាប់តាំងពីឆមាសទី២ ចុងឆ្នាំ២០២២ ដើម្បីនាំមកនូវស្ថិរភាពដល់ទីផ្សារអចលនទ្រព្យចិន ដែលត្រូវបានជំរុញបន្ថែមទៀតដោយការដកចេញនូវវិធានការទប់ស្កាត់កូវីដ-១៩ ដ៏តឹងរ៉ឹងកាលពីខែធ្នូ។

ទោះជាយ៉ាងណា តម្រូវការនៅតែធ្លាក់ចុះ ដោយការវិនិយោគអចលនទ្រព្យ និងការលក់ធ្លាក់ចុះខ្លាំងក្នុងខែមេសា ដោយសារអតិថិជននៅតែប្រុងប្រយ័ត្នចំពោះការចំណាយធំៗ ស្របពេលមានក្តីបារម្ភអំពីការធ្លាក់ចុះប្រាក់ចំណូល និងការបាត់បង់ការងារ ខណៈសន្ទុះនៃការងើបឡើងវិញក្រោយវិបត្តិកូវីដ-១៩ ថមថយ។

ធនាគារកណ្តាលនៃប្រទេសចិន បានដាក់ចេញនូវវិធានការគាំទ្រគោលនយោបាយចំនួន១៦ រួមទាំងការពន្យារសងប្រាក់កម្ចីនៅខែវិច្ឆិកា ចុងឆ្នាំនេះផងដែរ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here