៥ខែដំបូង ដើមឆ្នាំនេះ រដ្ឋាភិបាលកម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន៦៤ ក្រោមទុនជាង៥៤០លានដុល្លារអាមេរិក

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: នៅក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២៣នេះ គម្រោងវិនិយោគចំនួន៦៤ ក្រោមទុនវិនិយោគសរុបចំនួន៥៤០,៧៤លានដុល្លារត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងបង្កើតការងារបានចំនួន៧៨.២៩២កន្លែង។

ចំនួននេះបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ មានការថយចុះគួរឱ្យកត់សម្គាល់ ខណៈដែលក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២២ CDC បានអនុម័តគម្រោងវិនិយោគចំនួន៧២ ដែលមានទុនវិនិយោគសរុបជាង២,៦៤៨ពាន់លានដុល្លារ និងផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋចំនួន៤៤.៦៥៩កន្លែង។យោងតាមរបាយការណ៍របស់ CDC បានឱ្យដឹងថា ក្នុងចំណោមគម្រោងវិនិយោគចំនួន៦៤ ដែលក្នុងខែមករា មានគម្រោងវិនិយោគចំនួន១០ ជាមួយទុនវិនិយោគសរុប៩៩,៤លានដុល្លារ ផ្តល់ឱកាសការងារចំនួន១៧.១២៩កន្លែង ហើយក្នុងខែកុម្ភៈ មានគម្រោងវិនិយោគចំនួន១៧ ក្រោមទុនវិនិយោគចំនួន៩៨,៨លានដុល្លារ និងផ្តល់ឱកាសការងារ២២.៧៨៤កន្លែង។

នៅក្នុងខែមីនា មានគម្រោងវិនិយោគចំនួន៧ ដែលមានទុនវិនិយោគចំនួន៣៣,៧លានដុល្លារ និងបានផ្តល់ឱកាសការងារចំនួន៦.៦៦៩កន្លែង។  ក្នុងខែមេសា មានគម្រោងវិនិយោគចំនួន២០ ដែលមានទុនវិនិយោគចំនួន២៤៧,៧លានដុល្លារ និងបានផ្តល់ឱកាសការងារចំនួន១៧.៧២៣កន្លែង ហើយនៅក្នុងខែឧសភា មានគម្រោងវិនិយោគចំនួន១០ ក្រោមទុនវិនិយោគចំនួន៦០,១៤លានដុល្លារអាមេរិក និងបានផ្តល់ការងារចំនួន១៣.៩៨៧កន្លែង។

គម្រោងអភិវឌ្ឍន៍កសិដ្ឋានចិញ្ចឹមគោខ្នាតធំមួយនៅស្រុកស្នួល ខេត្តក្រចេះ ដែលមានទុនវិនិយោគជាង៧៣,៤លានដុល្លារ គឺជាគម្រោងវិនិយោគដ៏ធំ និងថ្លៃជាងគេក្នុងចំណោមគម្រោងវិនិយោគចំនួន៦៤ខាងលើ ដែលធ្វើឡើងក្នុងខែមេសាតែមួយ។

ចំណែកឯ ទឹកប្រាក់ប្រមាណ៣០លានដុល្លារអាមេរិកនឹងត្រូវបោះទុនវិនិយោគក្នុងគម្រោង ជំរុញទេសចរណ៍លើកោះទទឹង និងសកម្មភាពពាក់ព័ន្ធផ្សេងទៀតក្នុងស្រុកគិរីសាគរខេត្តកោះកុង

លើសពីនេះ គម្រោងសាងសង់រោងចក្រផលិត និងដំឡើងបន្ទះសូឡានៅស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ១៥,៦លានដុល្លារ និងខេត្តកំពង់ស្ពឺមានទុនវិនិយោគប្រមាណ២៦លានដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here