ADBនឹងចុះសិក្សាទីតាំងមួយចំនួនដើម្បីអនុវត្តន៍គំរោងលើកកម្រិតបណ្ដាញផ្លូវថ្នល់ជំហានទី២

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្រុមមន្រ្តីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) នឹងចុះពិនិត្យការងារមួយចំនួន ដើម្បីរៀបចំអនុវត្តន៍គំរោងលើកកំរិតបណ្តាញផ្លូវថ្នល់ជំហានទី២នាពេលខាងមុខ។

គម្រោងលើកកម្រិតបណ្ដាញផ្លូវថ្នល់ជំហាន១ នឹងត្រូវបូកសរុបលទ្ធផលការងារជាមួយអង្គភាពអនុវត្តន៍គម្រោង នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ ហើយបន្ទាប់មកនឹងចាប់ផ្ដើមគម្រោងលើកកម្រិតបណ្ដាញផ្លូវថ្នល់ជំហាន២បន្ថែមទៀត។ នេះបើយោងតាមកិច្ចប្រជុំដែលបានដឹកនាំដោយលោកផែង សុវិជ្ជានោ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានជួបពិភាក្សាការងារជាមួយតំណាងបេសកកម្ម របស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)ស្ដីពីគម្រោងលើកកម្រិត បណ្ដាញផ្លូវថ្នល់ជំហាន១ និងជំហាន២ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គភាពពាក់ព័ន្ធនៃគម្រោង។

តាមរយៈកិច្ចប្រជុំនេះ ក្រុមមន្រ្តីបានបង្ហើបឲ្យដឹងថា ក្រុមការងារបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី០៥ ខែ មិថុនា ឆ្នំា២០២៣ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នំា២០២៣ ដើម្បីចុះពិនិត្យទីតាំងអាគារច្រកព្រំដែនជ្រៃធំ និងអគារច្រកព្រំដែនបន្ទាយចក្រី ផ្លូវជាតិលេខ៦ពីទីរួមខេត្តសៀមរាប -បន្ទាយមានជ័យ ពិភាក្សាពីដំណាក់កាលដំបូងនៃគម្រោងលើកកម្រិតបណ្ដាញផ្លូវថ្នល់ជំហាន២ និងចុះពិនិត្យផ្លូវជាតិលេខ១ ពីអ្នកលឿងទៅបាវិតផងដែរ។

ជំនួបពិភាក្សាការងារស្ដីពី វឌ្ឍនភាពនៃគម្រោងលើកកម្រិតបណ្ដា​ញផ្លូវថ្នល់ជំហាន១ និងជំហាន២ ជាមួយតំណាងបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។ ជំនួបនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពការងារ គម្រោងលើកកម្រិត បណ្ដាញផ្លូវថ្នល់ជំហាន១ និងជំហាន២ និងសំណើការងារថ្មីសំដៅធ្វើឱ្យការដឹកនាំ គ្រប់គ្រងចាត់ចែង គម្រោងប្រកបដោយប្រសិ​ទ្ធភាពការងារខ្ពស់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here