WB អនុម័តគម្រោងជួយបង្កើនសមត្ថភាព និងប្រសិទ្ធភាពនៃបណ្ដាញចែកចាយអគ្គិសនីដើម្បីស្ដារសេដ្ឋកិច្ចឡាវ

0

ដោយៈ សុខុម

វៀងចន្ទន៍: ធនាគារពិភពលោក (World Bank) បានអនុម័តគម្រោងកែលម្អការចែកចាយថាមពល ដើម្បីបង្កើនសមត្ថភាព និងប្រសិទ្ធភាពនៃបណ្តាញអគ្គិសនី ក្នុងស្រុកនៅប្រទេសឡាវ និងពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុ នៅក្រុមហ៊ុនអគ្គិសនីរបស់រដ្ឋ។

យោងតាមរបាយការណ៍ របស់ធនាគារពិភពលោកដែលសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី៥ មិថុនា បង្ហាញថា អគ្គិសនីឡាវ (EDL) ដែលជាក្រុមហ៊ុនអគ្គិសនីរដ្ឋ បានខ្វះខាតធនធានសម្រាប់ថែទាំ និងកែលម្អប្រព័ន្ធអគ្គិសនី ដែលធ្វើឱ្យក្រុមហ៊ុននេះ គ្មានលទ្ធភាពវិនិយោគលើឧបករណ៍ និងប្រព័ន្ធដែលត្រូវការដើម្បីដោះស្រាយតម្រូវការកើនឡើង ហេដ្ឋារចនាសម្ព័ន្ធកាន់តែយ៉ាប់ យ៉ឺន និងអតុល្យភាពតាមរដូវកាល ក្នុងការផ្គត់ផ្គង់អគ្គិសនីរបស់ប្រទេ សឡាវ។

លោក Alex Kremer ប្រធានធនាគារពិភពលោកប្រចាំប្រទេសឡាវ ថ្លែងថា “ការខាតបង់ផ្នែកហិរញ្ញវត្ថុ ក្នុងវិស័យថាមពលក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បានរួមចំណែកធ្វើឱ្យសេដ្ឋកិច្ចឡាវ អស្ថិរភាព និងបំណុលជាតិកើនឡើង។

លោកបន្តថា “គម្រោងនេះនឹងជួយក្រុមហ៊ុន EDL ប្រឈមដោះស្រាយបញ្ហាប្រឈមបន្ទាន់ និងដែលជាប់ទាក់ទងគ្នាចំនួន២៖ នោះគឺការបំពេញតម្រូវការថាមពល នាពេលបច្ចុប្បន្ន និងការកែលម្អស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន”។

គម្រោងថ្មីនេះ នឹងគាំទ្រដល់ការវិនិយោគ ដែលនឹងធ្វើឱ្យប្រសើរឡើងនូវអនុស្ថានីយរបស់ក្រុមហ៊ុន EDL ដើម្បីបង្កើនរំហូរថាមពល ដែលនឹងជួយបង្កើនប្រាក់ចំណូល និងកាត់បន្ថយការខាតបង់។ អត្រាចំណេញខ្ពស់ ដែលត្រូវបានរំពឹងទុកពីការវិនិយោគនេះ នឹងធ្វើឱ្យស្ថានភាពហិរញ្ញវត្ថុ របស់ក្រុមហ៊ុន EDL ប្រសើរឡើង និងធ្វើឱ្យគុណភាពសេវាកម្មរបស់ក្រុមហ៊ុននេះប្រសើរឡើង។

ការវិនិយោគក៏នឹងត្រូវបានធ្វើឡើង ទៅលើប្រព័ន្ធត្រួតពិនិត្យ និងការការពារ ដើម្បីកែលម្អភាពរឹងមាំ នៃប្រតិបត្តិការបណ្តាញផងដែរ។

ដើម្បីពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុ របស់ក្រុមហ៊ុន EDL ការធ្វើឱ្យប្រសើរឡើង នូវបច្ចេកវិទ្យាព័ត៌មានសាជីវកម្ម នឹងរួមបញ្ចូលប្រព័ន្ធខាងក្នុង ដើម្បីផ្តល់ទិន្នន័យកាន់តែ មានលក្ខណៈពេញលេញបន្ថែមទៀត គាំទ្រដល់ការគ្រប់គ្រងប្រតិបត្តិការ និងហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

ភាពប្រសើរឡើងទាំងនេះ នឹងពន្លឿនការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងសវនកម្ម ធ្វើឱ្យប្រសើរឡើងនូវតម្លាភាព នៃទិន្នន័យហិរញ្ញវត្ថុ និងព័ត៌មានសម្រាប់ភាគីពាក់ព័ន្ធ៕ Laotian Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here