ដោយៈ គង់ សូរិយា
ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។
ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ជាផ្លូវល្បឿនលឿនខ្សែទី២ក្នុងប្រទេសកម្ពុជា បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីឆ្នាំ២០២២កន្លងទៅនេះ។
-->
ពិធីថ្ងៃនេះ ក្រៅតែពីការបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតហើយនោះ ក៏ភ្ជាប់ជាមួយនូវការបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្បាលស្ពានផងដែរ។
តាមការឲ្យដឹងពីឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវល្បឿនលឿននេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត នៅក្នុងចំណោមសមិទ្ធផលជាតិសំខាន់ៗជាច្រើននៅទូទាំងប្រទេស ដែលបានកើតចេញពីកិច្ចខិតខំប្រឹងប្រែង របស់អគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមរបស់កម្ពុជា គឺសម្តេចតេជោនាយករដ្ឋមន្ត្រី និងការចូលរួមចំណែកមិនអាចខ្វះបាន ពីបណ្តាប្រទេសជាមិត្តរបស់កម្ពុជា និងដៃគូអភិវឌ្ឍន៍នានា។

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ -ក្រុងបាវិត មានប្រវែងសរុប១៣៥,១០គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ទៅដល់សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ ផ្លូវនេះ មានខ្សែផ្លូវឆ្លងកាត់ខេត្តកណ្តាល ប្រវែង៤,១គីឡូម៉ែត្រ ខេត្តព្រៃវែងប្រវែង៧០,៩គីឡូម៉ែត្រ និងខេត្តស្វាយរៀងប្រវែង៦០,១គីឡូម៉ែត្រ។
គម្រោងនេះនឹងត្រូវអនុវត្តការងារបច្ចេកទេសសាងសង់ ដូចខាងក្រោម៖ -ក្រាលបេតុងកៅស៊ូ(AC) កម្រាស់ ១០សង់ទីម៉ែត្រ និងថ្មលាយកៅស៊ូ(ATB)១២សង់ទីម៉ែត្រ ទទឹងតួផ្លូវ២៤,៥ម៉ែត្រមានគន្លងផ្លូវសម្រាប់រថយន្ដធ្វើចរាចរណ៍ចំនួន៤គន្លង (២គន្លងទៅ-២គន្លងមក) ដែលគន្លងនីមួយៗមានទទឹង ៣,៧៥ម៉ែត្រ ខឿនសួនចែកទិសចរាចរណ៍ នៅចំកណ្តាលទ្រូងផ្លូវទទឹង៣ម៉ែត្រ ចិញ្ចើមផ្លូវក្រាលបេតុងកៅស៊ូ ទទឹង២,៥ម៉ែត្រ និងចិញ្ចើមផ្លូវក្រាលក្រួសក្រហម ទទឹង ០,៧៥ម៉ែត្រ ទាំងសងខាង។
-សាងសង់ស្ពានធំ និងស្ពានមធ្យមចំនួន ២៦កន្លែង ប្រវែងសរុប ២.២៦៦ម៉ែត្រ ស្ពានតូចចំនួន១៦កន្លែង ប្រវែងសរុប២៥៦ម៉ែត្រ និងដាក់លូគ្រប់ប្រភេទចំនួន១៩៧កន្លែង។
-សាងសង់ផ្លូវប្តូរទិសចរាចរណ៍(Interchange) ចំនួន៥កន្លែង ផ្លូវរូងក្រោមដីទំហំធំ និងទំហំតូចចំនួន២០៤កន្លែង។
-សាងសង់តំបន់សេវាកម្ម ឬចំណតឈប់សម្រាក(Service Area) ចំនួន ២កន្លែង ចំណតរថយន្ត(Parking Area) ចំនួន ១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំផ្លូវ(Maintenance Center) ចំនួន ៣កន្លែង និងបញ្ជរបង់ប្រាក់ចំនួន ៦កន្លែង។
-រៀបចំបំពាក់សម្ភារបរិក្ខារផ្លូវថ្នល់រួមមាន ផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញា គំនូសសញ្ញា បង្គោលគីឡូម៉ែត្រ និងរបាំងសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសរបស់ផ្លូវល្បឿនលឿន។
-ផ្លូវល្បឿនលឿននេះ អនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទអាចបើកបរ ក្នុងល្បឿន រហូតដល់ ១០០ និង១២០គីឡូម៉ែត្រ/ក្នុងមួយម៉ោង។
-គម្រោងនេះ នឹងរួមបញ្ចូលការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ព្រំដែន ដោយ រាជរដ្ឋាភិបាល ទទួលបន្ទុកកិច្ចលទ្ធកម្មដីសម្រាប់ទីតាំង និងសាងសង់ហេដ្ឋារចនា សម្ព័ន្ធឆ្លងកាត់ព្រំដែននេះ។
ទន្ទឹមនឹងការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ -បាវិតនេះ រាជ រដ្ឋាភិបាល ក៏បានសម្រេចឱ្យមានការសាងសង់ស្ពាន ឆ្លងកាត់ទន្លេមេគង្គ ដែលតភ្ជាប់ពីឃុំដីឥដ្ឋ ស្រុកកៀនស្វាយ (ពីផ្លូវក្រវាត់ក្រុងខ្សែទី៣) ទៅដល់ឃុំថ្មគរ ស្រុកល្វាឯម និងតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត។

ស្ពាននេះជាប្រភេទស្ពានបេតុង មានប្រវែង១,៦០០ម៉ែត្រ ទទឹង ២៦ម៉ែត្រ និងផ្លូវតភ្ជាប់ទាំងសងខាង ពីក្បាលស្ពានមានប្រវែង ២,១០០ម៉ែត្រ ទទឹង ២៦ម៉ែត្រ ក្រាលបេតុងកៅស៊ូAC កម្រាស់ ១០សង់ទីម៉ែត្រ រួមទាំងការសាងសង់ផ្លូវប្តទិសចរាចរណ៍ (Interchange) ចំនួន ១កន្លែង និងផ្លូវក្រោមស្ពាន(Underpass) ចំនួន ២កន្លែង។
ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត គ្រោងចំណាយថវិកាវិនិយោគសរុបប្រមាណ១,៣៥ប៊ីលានដុល្លារអាមេរិក ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបបត្តិការ -ផ្ទេរ(BOT) ដែលមានរយៈពេលប្រតិបត្តិការចំនួន ៥០ឆ្នាំ ក្នុងនោះ ២០ភាគរយ ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន និង៨០ភាគរយ ជាប្រាក់កម្ចីរបស់ក្រុមហ៊ុន។

ដោយឡែកស្ពានឆ្លងកាត់ទន្លេមេគង្គ គ្រោងចំណាយថវិកាសរុបប្រមាណ ២៣២,៥៨លានដុល្លារអាមេរិក ដែលជាថវិកាវិនិយោគរបស់រាជរដ្ឋាភិបាល រួមជាមួយនឹងថវិកាបដិភាគ សម្រាប់ការបោសសម្អាតគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។ គម្រោងទាំងពីរនេះ នឹងអនុវត្តការសាងសង់ ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤៨ខែ គ្រោងនឹងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៧៕