ក្រុមមន្រ្តីជម្រុញបើកប្រតិបត្តិការបណ្តោះអាសន្នច្រកទ្វារ ស្ទឹងបត់ ណងអៀន

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្រុមមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានពិភាក្សាអំពីការរៀបចំ និងជំរុញបើកប្រតិបត្តិការជាបណ្តោះអាសន្ន ច្រកទ្វារស្ទឹងបត់-បានណងអៀនព្រំដែនកម្ពុជា ថៃ។

លើសពីនេះ ក្រុមមន្រ្តីក៏បានជម្រុញឲ្យមាន ការរៀបចំសាកល្បងកែសម្រួលការគ្រប់គ្រងចរាច​រណ៍ និងការងាររបស់សមត្ថកិច្ចនៅច្រកទ្វារបាវិត ការសិក្សាទីតាំងសក្តានុពល សម្រាប់ជាជម្រើសក្នុងការពង្រីក និងរៀបចំច្រកទ្វារព្រំដែនថ្មីនៅបាវិត នាពេលអនាគតផងដែរ។

កិច្ចប្រជុំនេះបានដឹកនាំ ដោយលោកជំទាវរដ្ឋលេខាធិការ កុយ សុដានី តំណាងដ៏ខ្ពង់ខ្ពស់ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីសមិទ្ធផលនានា នៃគម្រោងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មកម្ពុជា ជំហានទី២ (Wrap-up Workshop on Achievement of Project for Improving the Logistics System of Cambodia- Phase 2) ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោកឧកញ៉ា សមាជិក សមាជិកា ដែលជាតំណាងក្រសួង-ស្ថាប័ន ក្រុមហ៊ុន សមាគម និងតំណាងទីភ្នាក់ងារសហប្រតិ​បត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ផងដែរ។

ដំណាក់កាលនៃការអនុវត្តគម្រោងលើកនេះ មានសកម្មភាព និងឯកសារជាច្រើនត្រូវបានរៀបចំឡើង និងបញ្ចប់ដូចជា ឯកសារគោលនយោបាយ គោលការណ៍ណែនាំ ផែនការសកម្មភាពផ្សេងៗទាក់ទងនឹងភស្តុភារកម្មបៃតង ខ្សែច្រវាក់ផ្គត់ផ្គង់ត្រជាក់ មជ្ឈមណ្ឌលភស្តុភារកម្មតំបន់ ទំនើបកម្មរថយន្តដឹកទំនិញធុនធ្ងន់ បម្រែបម្រួលអាកាសធាតុ ទិន្នន័យភស្តុភារកម្ម បណ្តាញភស្តុភារកម្មឆ្លងកាត់ព្រំដែន និងទស្សនកិច្ចសិក្សាបណ្តាញភស្តុភារកម្ម ក្រៅប្រទេស របាយការណ៍វឌ្ឍនភាពឆ្នាំ២០១៩ និង២០២០ របាយការណ៍ប្រចាំឆ្នាំ២០២១ និង២០២២ សេចក្តីព្រាងប្រកាស របាយការណ៍សិក្សាពេលបំពេញការងារ របាយការណ៍ទស្សនកិច្ចសិក្សា (ថៃ និងវៀតណាម) ការប្រមូល និងវិភាគទិន្នន័យពាក់ព័ន្ធនឹងការងារដឹកជញ្ជូន និងភស្តុភារកម្មជាដើម។

ទោះបីជាគម្រោងធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធភស្តុភារកម្មកម្ពុជា ជំហានទី២ នឹងត្រូវបញ្ចប់នៅចុងខែមិថុនានេះក៏ដោយ ក៏នៅមានសកម្មភាពសំខាន់ៗជាច្រើនទៀត ចាំបាច់ត្រូវបំពេញបន្ត ដើម្បីលើកកម្ពស់វិស័យភស្តុភារកម្មនៅកម្ពុជា។

ដោយឡែកគម្រោងថ្មីមួយ ត្រូវបានគ្រោងឡើងដោយមានការបន្តគាំទ្រពីក្រុមជំនាញការរបស់ទីភ្នាក់ងារ JICA ក្នុងគោលបំណងចម្បងធ្វើយ៉ាងណា ដើម្បីបង្កើតបរិយាកាសភស្តុភារកម្ម ឱ្យកាន់តែប្រសើរឡើង តាមរយៈការបង្កលក្ខណៈ ឱ្យមានកិច្ចសហការពីភាគីពាក់ព័ន្ធផ្សេងៗទៀត។

ទោះជាយ៉ាងណាក៏ដោយ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងបន្តការខិតខំប្រឹងប្រែង ជំរុញការអនុវត្តគោលនយោបាយភស្តុភារកម្ម និងការអភិវឌ្ឍលើវិស័យភស្តុភារកម្មបន្ថែមទៀត៕
សិក្ខាសាលាស្តីពីសមិទ្ធផលនានានៃគម្រោងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មកម្ពុជា ជំហានទី២

ភ្នំពេញ៖ ថ្ងៃចន្ទ ២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣
សិក្ខាសាលានេះត្រូវបានរៀបចំឡើង ក្នុងគោលបំណង ដើម្បីចែករំលែក និងផ្សព្វផ្សាយអំពីសមិទ្ធផល និងលទ្ធផលនានា នៃការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធភស្តុភារកម្មកម្ពុជាជំហានទី២ តាមរយៈការធ្វើបទបង្ហាញរបស់អ្នកជំនាញ តាមក្រុមប្រតិបត្តិការ ងារនៃគម្រោងនីមួយៗ ក្នុងនោះរួមមាន៖ (១) ក្រុមប្រតិបត្តិការងារភស្តុភារកម្មបៃតង (Green Logistics) (២) ក្រុមប្រតិបត្តិការងារខ្សែច្រវាក់ផ្គត់ផ្គង់ត្រជាក់ (Cold Chain) (៣) ក្រុមប្រតិបត្តិការងារមជ្ឈមណ្ឌលភស្តុភារកម្មតំបន់ (៤) ក្រុមប្រតិបត្តិការងារទំនើបកម្មរថយន្តដឹកទំនិញធុនធ្ងន់ (Truck Modernization) (៥) ក្រុមប្រតិបត្តិការងារបម្រែបម្រួលអាកាសធាតុ (៦) ក្រុមប្រតិបត្តិការងារតាមដានត្រួតពិនិត្យ និងវាយតម្លៃ (Monitoring & Evaluation) គ្រប់គ្រងទិន្នន័យភស្តុភារកម្ម (៧) បណ្តាញភស្តុភារកម្មឆ្លងកាត់ព្រំដែន និងទស្សនកិច្ចសិក្សា និង (៨) ក្រុមប្រតិបត្តិការងារធ្វើឱ្យប្រសើរឡើងច្រកទ្វារព្រំដែនកម្ពុជា-ថៃ កម្ពុជា-វៀតណាម (Vietnam and Thailand Border Points Improvement)។

LEAVE A REPLY

Please enter your comment!
Please enter your name here