ដោយៈ សុខុម
អន្តរជាតិ: ប្រទេសចិន ទំនងជានឹងកាត់បន្ថយអនុបាតប្រាក់បម្រុង និងបញ្ចុះអត្រាការប្រាក់បន្ថែមទៀត នៅក្នុងឆមាសទី២ ឆ្នាំ២០២៣ ដើម្បីគាំទ្រដល់សេដ្ឋកិច្ច។ នេះបើយោងតាមកាសែត China Securities Journal ចុះផ្សាយកាលពីថ្ងៃអង្គារ ទី៦ ខែមិថុនា។
ក្រុមទីប្រឹក្សាគោលនយោបាយ និងអ្នកជំនាញសេដ្ឋកិច្ចឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសចិន បានស្ទុះងើបឡើងវិញលឿនជាងការរំពឹងទុកក្នុងត្រីមាសទី១ ដើមឆ្នាំនេះ ប៉ុន្តែបានធ្លាក់ចុះសន្ទុះនៅដើមត្រីមាសទី២។ សេដ្ឋកិច្ចចិន ពេលនេះកំពុងប្រឈមមុខ នឹងអត្រាគ្មានការងារធ្វើខ្ពស់ ទីផ្សារអចលនទ្រព្យដាំក្បាលចុះ និងការកើនឡើងកម្ដៅនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ។
លោក Zhang Ming អ្នកសិក្សាស្រាវជ្រាវនៅបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន (Chinese Academy of Social Sciences) បានប្រាប់កាសែតរដ្ឋខាងលើនេះថា សម្ពាធអតិផរណាទាបក្នុងប្រទេសចិន នឹងផ្តល់ឱកាសសម្រាប់ការបន្ធូរបន្ថយរូបិយវត្ថុ។
អ្នកជំនាញរូបនេះបានគូសបញ្ជាក់ថា ប្រទេសចិន អាចនឹងពិចារណាបញ្ចុះអត្រាការប្រាក់បន្ថែមទៀត និងកំណត់គោលដៅកាត់បន្ថយអនុបាតតម្រូវការប្រាក់បម្រុង (RRR) ដើម្បីកាត់បន្ថយថ្លៃចំណាយលើការផ្តល់ប្រាក់កម្ចី។
លោក Li Chao ប្រធានអ្នកជំនាញសេដ្ឋកិច្ច នៅក្រុមហ៊ុនមូលបត្រ Zheshang Securities ក៏រំពឹងដែរថា អាចនឹងមានការបញ្ចុះអត្រាការប្រាក់ និងការកាត់បន្ថយអនុបាត តម្រូវការប្រាក់បម្រុង (RRR) ក្នុងឆមាសទី២ ចុងឆ្នាំនេះ។
លោករំពឹងថា ធនាគារកណ្តាលអាមេរិក (Federal Reserve) អាចនឹងឈានចូលដល់វដ្ត បញ្ចុះអត្រាការប្រាក់ក្នុងត្រីមាសទី៤ ចុងឆ្នាំនេះ ដែលធ្វើឱ្យរដ្ឋាភិបាលក្រុងប៉េកាំង មានឱកាសបន្ថែមទៀតសម្រាប់បន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ។
ប្រទេសចិន កាលពីខែមីនា ដើមឆ្នាំនេះបានកាត់បន្ថយអនុបាតតម្រូវការប្រាក់បម្រុង (RRR) ជាលើកដំបូងក្នុងឆ្នាំ២០២៣ ប៉ុន្តែបានរក្សាអត្រាការប្រាក់កម្ចីគោលរបស់ខ្លួន មិនផ្លាស់ប្តូរសម្រាប់ឆ្នាំនេះ៕ The Edge Markets៕






