World Bank ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចសកលសម្រាប់ឆ្នាំ២០២៤ ដោយសារផលប៉ះពាល់នៃការដំឡើងអត្រាការប្រាក់

0

សុខុម

អន្តរជាតិ: ធនាគារពិភពលោក (World Bank) បានដំឡើងទស្សនវិស័យកំណើនសេដ្ឋកិច្ចសកលរបស់ខ្លួនសម្រាប់ឆ្នាំ២០២៣ ខណៈសហរដ្ឋអាមេរិក មហាយក្សចិន និងសេដ្ឋកិច្ចធំៗផ្សេងទៀតបានបង្ហាញភាពធន់ជាងការព្យាករ។ទោះជាយ៉ាងណា ធនាគារនេះនិយាយថា ការដំឡើងអត្រាការប្រាក់ និងការរឹតបន្តឹងឥណទាននឹងធ្វើឱ្យប៉ះពាល់ដល់លទ្ធផលសេដ្ឋកិច្ចនៅឆ្នាំក្រោយ។

តាមរយៈរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចសកល (Global Economic Prospects) ចុងក្រោយរបស់ខ្លួនកាលពីថ្ងៃអង្គារ ទី៦ ខែមិថុនា ធនាគារពិភពលោកនិយាយថា ផលទុនជាតិសរុបសកល (GDP) ត្រូវបានព្យាករថានឹងសម្រេចបានកំណើន២,១%នៅឆ្នាំ២០២៣ ដោយកើនឡើងពី១,៧%ដែលត្រូវបានព្យាករកាលពីខែមករា ប៉ុន្តែទាបជាងក្នុងឆ្នាំ២០២២ ដែលសម្រេចបានកំណើន៣,១%។

ធនាគារពិភពលោក ដែលជាស្ថាប័នផ្តល់ប្រាក់កម្ចីអភិវឌ្ឍន៍បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចសកលរបស់ខ្លួនសម្រាប់ឆ្នាំ២០២៤ ពី២,៧%ក្នុងខែមករា មកនៅត្រឹម២,៤% ដោយលើកឡើងពីផលប៉ះពាល់បង្កឡើងដោយសារធនាគារកណ្ដាលរឹតបន្តឹងរូបិយវត្ថុ និងលក្ខខណ្ឌឥណទានដែលបានធ្វើឱ្យការវិនិយោគលើអាជីវកម្ម និងលំនៅដ្ឋានធ្លាក់ចុះ។

កត្តាទាំងនេះនឹងបន្ថយល្បឿនកំណើនបន្ថែមទៀតក្នុងឆមាសទី២ ឆ្នាំ២០២៣ និងហៀរចូលដល់ឆ្នាំ២០២៤ ប៉ុន្តែធនាគារនេះបានចេញផ្សាយការព្យាករកំណើនសេដ្ឋកិច្ចសកលថ្មីក្នុងរង្វង់៣%សម្រាប់ឆ្នាំ២០២៥។លោក Indermit Gill ប្រធានអ្នកជំនាញសេដ្ឋកិច្ចនៅធនាគារពិភពលោកថ្លែងថា ឆ្នាំ២០២៣ នឹងនៅតែជាឆ្នាំទទួលបានកំណើនយឺតបំផុតមួយសម្រាប់សេដ្ឋកិច្ចជឿនលឿននានាក្នុងរយៈពេល៥ទសវត្សរ៍ចុងក្រោយនេះ។

លោកបានបន្ថែមថា ២ភាគ៣នៃបណ្ដាសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍នឹងទទួលបានកំណើនទាបជាងឆ្នាំ២០២២ ដោយសារការដើរថយក្រោយនៃការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩ និងការកាត់បន្ថយភាពក្រីក្រ និងការកើនឡើងបំណុលរបស់រដ្ឋ៕ Aljazeera៕

LEAVE A REPLY

Please enter your comment!
Please enter your name here