ដោយៈ ស៊ីវ ម៉េង
មណ្ឌលគិរីៈ រដ្ឋាភិបាលបាននិងកំពុងរង់ចាំ និងប្រកាសស្វាគមន៍ដៃគូវិនិយោគដែលមានសក្តានុពល និងមានភាពច្បាស់លាស់ឱ្យមកវិនិយោគលើការកសាងព្រលានយន្តហោះ ក្នុងខេត្តមណ្ឌលគិរី។
កន្លងមករដ្ឋាភិបាលកម្ពុជា ធ្លាប់បានសម្រេចជាគោលការណ៍ឱ្យក្រុមហ៊ុន Power China International Group Ltd (PIG) ធ្វើការសិក្សា និងអភិវឌ្ឍសំណើសាងសង់ព្រលានយន្តហោះមួយនេះ។ ទោះជាយ៉ាងណាវត្តមានរបស់ជំងឺកូវីដ១៩ បានធ្វើឱ្យក្រុមហ៊ុននេះសុំដកខ្លួនវិញ។
-->
លោកស៊ិន ចាន់សិរីវុត្ថាអ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះកម្ពុជានៅមិនទាន់ស្វែងរកដៃគូ ឱ្យមកវិនិយោគគម្រោងនេះទេ ខណៈកន្លងមក មានក្រុមហ៊ុនមកពីប្រទេសមួយចំនួនដូចជា ចិន កូរ៉េ និងតំបន់អារ៉ាប់បានមកជួបអាជ្ញាធរកម្ពុជាដែរ។
លោកបន្តថា “បច្ចុប្បន្នរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិលកំពុងខិតខំទាក់ទាញអ្នកវិនិយោគ ឱ្យមកបណ្តាក់ទុនលើគម្រោងនេះ។លោកបន្ថែមថា “បើព្រលាននេះដំណើរការ គឺវាមិនគ្រាន់តែជួយសម្រួលដល់ការដឹកជញ្ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិពីប៉ូលសេដ្ឋកិច្ចមួយទៅប៉ូលសេដ្ឋកិច្ចមួយប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងចូលរួមចំណែកក្នុងការដឹកជញ្ជូនទំនិញឱ្យបានកាន់តែលឿនផងដែរ”។
គម្រោងព្រលានយន្តហោះនេះ គ្រោងនឹងសាងសង់ក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង ដោយមានផ្ទៃដីប្រមាណ៣០០ហិកតា។ តាមការប៉ាន់ស្មានកន្លងមកគឺគម្រោងនេះ នឹងត្រូវចំណាយថវិកាប្រមាណ១០០លានដុល្លារ។
លោកស៊ិន ចាន់សិរីវុត្ថាបានបន្តថា រដ្ឋលេខាធិការដ្ឋានអាកាសស៊ីវិល កំពុងខិតខំយ៉ាងខ្លាំង ក្នុងការស្វែងរកដៃគូមានសក្តានុពល និងមានភាពច្បាស់លាស់មកវិនិយោគលើគម្រោងមួយនេះ”។
កាលពីខែសីហា ឆ្នាំ ២០២១ រដ្ឋាភិបាលកម្ពុជាបានអនុម័តលើសេចក្តីព្រាងផែនការមេអភិវឌ្ឍន៍ វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ឆ្នាំ ២០២១-២០៣៥ ចំពេលមានគំនិតផ្តួចផ្តើមកាន់តែទូលំទូលាយ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ៣លាននាក់ជារៀងរាល់ឆ្នាំ ទៅកាន់តំបន់ថាមពលជីវចម្រុះ ដ៏ស្រស់ស្អាតនៅភាគឦសាននៅត្រឹមឆ្នាំ ២០៣៥។
ផែនការមេនេះ នឹងបំពេញបន្ថែមនូវផែនទីបង្ហាញផ្លូវទេសចរណ៍ជាតិ៣ ដំណាក់កាលឆ្នាំ ២០២១-២០២៥ និងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ដែលត្រូវបានអនុម័តជាផ្លូវការកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ ២០២១ ដើម្បីបង្ហាញទិសសម្រាប់ការងើបឡើងវិញពី ការរីករាលដាលជំងឺកូវីដ១៩ របស់វិស័យទេសចរណ៍៕