លោកស៊ុន ចាន់ថុលលើកឡើងពីគំរោងសាងសង់ហេដ្ឋារចនា សម្ព័ន្ឋធំៗប្រាប់ដល់ប្រជាពលរដ្ឋ

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ស្ពានបេតុងសរសៃដែកប្រវែង៧២ម៉ែត្រ ទទឹង៦,៦០ម៉ែត្រ ស្ថិតនៅភូមិទួលស្លែង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ត្រូវបានបើកការដ្ឋានសាងសង់ ក្រោមវត្តមានលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានក្រុមការងារថ្នាក់ជាតិរបស់រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកោះធំ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ ស្ពានបេតុងសរសៃដែក ប្រវែង៧២ ម៉ែត្រ ទទឹង៦,៦០ម៉ែត្រ ស្ថិតនៅភូមិទួលស្លែង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។ថ្លែងក្នុងមតិសំណេះសំណាល នាឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនពីសមិទ្ធផលសំខាន់ៗ ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា បានខិតខំប្រឹងប្រែងអភិវឌ្ឍលើគ្រប់វិស័យ ពិសេសផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត នៅក្នុងស្រុកកោះធំ ដែលបានធ្វើឱ្យស្រុកនេះ បានកែប្រែមុខមាត់ប្រកបដោ​យមោទនភាព។

លោកបញ្ជាក់ថា “នេះបានបង្ហាញពីសមិទ្ធផលថ្មីមួយ ក្នុងចំណោមសមិទ្ធផលដ៏ទៃទៀត នៃកិច្ចខិតខំរបស់រាជរដ្ឋាភិបាល សម្រា​ប់ស្រុកកោះធំនោះគឺ “មន្ទីរពេទ្យតេជោសែនកោះធំ” ដែលជាមន្ទីរពេទ្យទំនើបថ្មីមួយ ដែលបច្ចុប្បន្នបានសម្រេចការ សាងសង់ប្រមាណ ៩៥% និងត្រៀមបើកឱ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ”។

លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនពីវឌ្ឍនភាព នៃការអភិវឌ្ឍវិស័យហេដ្ឋានរចនាសម្ព័ន្ធធំៗ ក្នុងប្រទេសរួមមាន ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលជាគម្រោងផ្លូវល្បឿនលឿន ប្រវត្តិសាស្ត្រលើកដំបូងក្នុងប្រទេសកម្ពុជា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលបានប្រារព្វពីធីបើកការដ្ឋានកាលពីព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ។

គម្រោងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ -សៀមរាប- ប៉ោយប៉ែត ដែលក្រសួងសាធារណការ និងដឹកជញ្ជូនបានចុះហត្ថលេខាលើកិច្ចព្រងព្រៀងក្របខ័ណ្ឌ ជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) កាលពីរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ព្រមទាំងបានជម្រាបជូនប្រជាពលរដ្ឋពីគម្រោងព្រែកជីក ហ្វូណនតេជោផងដែរ។

ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងក្នុងស្រុកកោះធំ បានអនុញ្ញាតឱ្យស្រុកនេះ កាន់តែមានសក្តានុពលផ្នែកសេដ្ឋកិច្ច ដែលអំណោយផលដល់ការរស់នៅ និងការប្រកបមុខរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ។ ផ្លូវសេដ្ឋកិច្ចសំខាន់ៗក្នុងស្រុកកោះធំមានដូចជា ផ្លូវជាតិលេខ២១ ផ្លូវលេខ១១០ ផ្លូវលេខ១២៩ និងផ្លូវជាតិលេខ២៣ (ចាប់ពីផ្លូវលេខ១១០ សង្កាត់ជ្រោយតាកែវ ទៅស្រុកលើកដែក ប្រវែង ១៩,៨៣ គ.ម) ដែលគ្រោងនឹងបើកការដ្ឋាននាពេលឆាប់ៗនេះ។

ក្រៅពីផ្លូវសេដ្ឋកិច្ចសំខាន់ៗ រាជរដ្ឋាភិបាលក៏បានបន្តយកចិត្តទុកដាក់ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដទៃទៀតយ៉ាងច្រើនរួមមាន៖ ស្ពានឆ្លងទន្លេបាសាក់ (ស្ពានមិត្តភាពកម្ពុជា-ចិន) កីឡដ្ឋានស្រុកកោះធំ និងអាងហែលទឹក ផ្លូវបេតុងតាមបណ្ដាឃុំនានាក្នុងស្រុក ស្ពាន ប្រឡាយទឹក មណ្ឌលសុខភាព វត្តអារាម ព្រមទាំងមានភ្លើងសូឡាបំភ្លឺសងខាងផ្លូវក្នុងឃុំ នៃស្រុកកោះធំផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here