ដោយ: គង់ លាងហួរ
អន្តរជាតិ: នាយកប្រតិបត្តិធនាគារអាមេរិក Bank of America លោក Brian Moynihan បានឱ្យដឹងកាលពីថ្ងៃអាទិត្យកន្លងទៅថា សហរដ្ឋអាមេរិក អាចប្រឈមនឹងវិបត្តិសេដ្ឋកិច្ចកម្រិតស្រាល នៅក្នុងឆមាសទីពីរនៃឆ្នាំនេះ និងនៅក្នុងត្រីមាសទីមួយនៃឆ្នាំបន្ទាប់។
លោក Moyhinan បានថ្លែងនៅក្នុងបទសម្ភាសន៍មួយ ទៅកាន់ប៉ុស្តិ៍ CBS Newsថា “ដូច្នេះពេលចុងក្រោយ ដែលខ្ញុំនៅទីនេះ គឺចុងឆ្នាំមុន ហើយយើងបានព្យាករណ៍ថា នឹងមានវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ២០២៣នេះ”។លោកបន្តទៀតថា “សហរដ្ឋអាមេរិក នឹងជួបប្រទះវិបត្តិសេដ្ឋកិច្ច ដោយចាប់ផ្តើមពីឆមាសទី២ នេះទៅ ហើយអាចបន្តដល់ត្រីមាសទី១ នៅឆ្នាំ២០២៤ ដែលជាការធ្លាក់ចុះនៃសេដ្ឋកិច្ចកម្រិតស្រាល និងជំរុញឱ្យអត្រាគ្មានការងារធ្វើហក់ឡើង ក្នុងកម្រិតខ្ពស់៤ភាគរយ”។

ទោះជាយ៉ាងនេះក្តី ទាក់ទិននឹងវិបត្តិសេដ្ឋកិច្ចអាមេរិក ជាពិសេសបញ្ហាបំណុល លោក Kevin McCarthy ប្រធានសភាអាមេរិកមកពីបក្សសាធារណៈរដ្ឋ និងលោកប្រធានាធិបតី Joe Biden បានឯកភាពគ្នាបង្កើនពិដានបំណុល ដើម្បីអនុញ្ញាតឱ្យរដ្ឋាភិបាលមានពេលវេលាក្នុងការដោះស្រាយបញ្ហា ចំពោះមុខទាំងអស់ និងជៀងវាងការខកខានសងបំណុល៕