ដំណឹងល្អ! World Bank ដំឡើងការព្យាករកំណើនសេដ្ឋកិច្ចរបស់មហាយក្សចិនឈានដល់៥,៦%សម្រាប់ឆ្នាំនេះ

0

ដោយៈ សុខុម

ប៉េកាំង: ធនាគារពិភពលោក (World Bank) បានព្យាករគួរឱ្យសាទរថា សេដ្ឋកិច្ចរបស់មហាយក្សចិន នឹងសម្រេចបានកំណើនក្នុងអត្រា៥,៦%នៅឆ្នាំ២០២៣ ដោយកើនឡើង១,៣% បើធៀបនឹងការព្យាករកាលពីខែមករា។ នេះបើយោងតាមសារព័ត៌មាន China Daily ចុះផ្សាយកាលពីថ្ងៃពុធ ទី៧ ខែមិថុនា។

ធនាគារពិភពលោក បានធ្វើការកែសម្រួលការព្យាកររបស់ខ្លួនសម្រាប់សេដ្ឋកិច្ចភាគច្រើន ដោយសារខ្លួនមើលឃើញថា កំណើនសេដ្ឋកិច្ចសកលស្ថិត ក្នុងស្ថានភាពមិនច្បាស់លាស់ ស្របពេលអត្រាការប្រាក់ហក់ឡើងខ្ពស់។

ការព្យាកររបស់ធនាគារពិភពលោក សម្រាប់ប្រទេសចិន នេះគឺមានសុទិដ្ឋិនិយម ជាងការព្យាកររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ IMF កាលពីខែមេសា នៅក្នុងទស្សនវិស័យសេដ្ឋកិច្ចពិភពលោក (World Economic Outlook) របស់ខ្លួនដែលព្យាករថា ប្រទេសចិន នឹងសម្រេចបានកំណើនសេដ្ឋកិច្ច៥,២%នៅឆ្នាំនេះ ជាពេលដែលពិភពលោក កំពុងធ្វើដំណើរលើផ្លូវដ៏រលាក់ ឆ្ពោះទៅរកការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច។នៅក្នុងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចសកល (Global Economic Prospects) របស់ខ្លួនដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ទី៦ ខែមិថុនា ធនាគារពិភពលោកនិយាយថា សកម្មភាពសេដ្ឋកិច្ចនៅក្នុងប្រទេសចិន បានត្រលប់មកវិញនៅដើមឆ្នាំ២០២៣ ដែលជំរុញការចំណាយរបស់អ្នកប្រើប្រាស់ ជាពិសេសលើសេវាកម្មក្នុងស្រុក បន្ទាប់ពីប្រទេសនេះ បានបន្ធូរបន្ថយវិធានការកូវីដ-១៩ ដ៏តឹងរ៉ឹង។

យោងតាមការិយាល័យស្ថិតិជាតិ នៃប្រទេសចិនឱ្យដឹងថា ប្រទេ​សចិន បានកំណត់គោលដៅកំណើន សេដ្ឋកិច្ចរបស់ខ្លួនប្រមាណ៥%នៅឆ្នាំនេះ។ ប្រទេសនេះ សម្រេចបានកំណើន៤,៥%ក្នុងត្រីមាសទី១ ដើមឆ្នាំនេះ ដែលជាការកើនឡើង គួរឱ្យកត់សម្គាល់ពី២,៩%ក្នុងត្រីមាសទី៤ ចុងឆ្នាំ២០២២។ផ្អែកតាមរបាយការណ៍ របស់ធនាគារពិភពលោកបង្ហាញថា សេដ្ឋកិច្ចពិភពលោក ត្រូវបានព្យាករថានឹងសម្រេចបានកំណើន២,១%ក្នុងឆ្នាំ២០២៣ ដោយធ្លាក់ចុះពីកំណើន៣,១%ក្នុងឆ្នាំ២០២២៕ China Daily៕

LEAVE A REPLY

Please enter your comment!
Please enter your name here