សេដ្ឋកិច្ចរបស់ប្រទេសជប៉ុនកើនឡើងក្នុងល្បឿនលឿនជាងការរំពឹងទុក

0

ដោយ: គង់ លាងហួរ
តូក្យូ: យោងតាមទិន្នន័យរដ្ឋាភិបាលបានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះថា សេដ្ឋកិច្ចរបស់ប្រទេសជប៉ុនបានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ២,៧ភាគរយនៅក្នុងត្រីមាសខែមករាដល់ខែមីនា ដែលជាល្បឿនលឿនជាងការព្យាករណ៍ទុក។

សេដ្ឋកិច្ចធំបំផុតទី៣របស់ពិភពលោកមួយនេះត្រូវបានព្យាករណ៍ដំបូងថានឹងកើនឡើង១,៦ភាគរយ។ ខណៈទិន្នន័យផលិតផលក្នុងស្រុកសរុបចាប់ពីខែតុលាដល់ខែធ្នូ ឆ្នាំមុនបានប្រសើរឡើង ដែលសបញ្ជាក់ថា សេដ្ឋកិច្ចជប៉ុនបានគេចផុតវិបត្តិនៅចុងឆ្នាំ២០២២។

ចំណែកឯ GDP របស់ជប៉ុន ដែលជាតម្លៃសរុបនៃទំនិញ និងសេវាកម្មដែលផលិតនៅក្នុងប្រទេសមួយ បានកើនឡើង០,៧ភាគរយនៅក្នុងខែមករា ដល់ខែមីនា ធៀបនឹងត្រីមាសមុន។

ជាមួយនឹងសេដ្ឋកិច្ចបន្តងើបឡើងវិញចាប់តាំងពីការដកវិធានការទប់ស្កាត់កូវីដ ក្រុមហ៊ុននានាបាននិងកំពុងបង្កើនការវិនិយោគឡើងវិញ ខណៈការប្រើប្រាស់ឯកជននៅតែមានភាពធន់នឹងការហក់ឡើងថ្លៃនៃទំនិញ។

យោងតាមការិយាល័យគណរដ្ឋមន្ត្រីបានរាយការណ៍ថា ការចំណាយដើមទុនបានកើនឡើង១,៤ភាគរយ ធៀបនឹង០,៩ភាគរយនៅក្នុងទិន្នន័យបឋម ដែលឆ្លុះបញ្ចាំងពីការវិនិយោគដោយក្រុមហ៊ុននានាដើម្បីបង្កើនទិន្នផល។

ការប្រើប្រាស់ឯកជនដែលគ្របដណ្តប់ជាងពាក់កណ្តាលនៃសេដ្ឋកិច្ចជប៉ុនត្រូវបានបន្ទាបបន្តិចមកត្រឹមកំណើន០,៥ភាគរយពី០,៦ភាគរយ ខណៈមនុស្សចំណាយតិចលើការញ៉ាំអាហារក្រៅផ្ទះជាងការគិតដំបូង។

លោក Shinichiro Kobayashi សេដ្ឋវិទូជាន់ខ្ពស់ប្រចាំនៅក្រុមហ៊ុន Mitsubishi UFJ Research បានមានប្រសាសន៍ថា “ទិន្នន័យ GDP ផ្តល់ភស្តុតាងថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចគឺនៅដដែល ហើយសំណួរគឺថាតើសន្ទុះនឹងមាននិរន្តរភាពដែរឬទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here