ផ្លូវខេត្តលេខ៣១២ ខ្សែផ្លូវយុទ្ធសាស្រ្តឆ្លងកាត់ឃុំចំនួន ៤ ក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង(ព្រំដែនកម្ពុជា-វៀតណាម) នឹងបើកការដ្ឋានលើកកំរិតគុណភាព ជួសជុលថែទាំនៅព្រឹកនេះ

0

ដោយៈ ហ្វីអូណា

(ព្រៃវែង)៖ កំណាត់ផ្លូវខេត្តលេខ៣១២​ ស្ថិតនៅភូមិសាស្ត្រខេត្តព្រៃវែង​ នឹងបើកការដ្ឋានលើកកម្រិត និងជួសជុលថែទាំនៅព្រឹកថ្ងៃទី០៩ ខែមិថុនា​ ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

បេីតាមការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​ រដ្ឋមន្ត្រីក្រសួងាធារណការ​ និងថឹកជញ្ជូន​ បានឱ្យដឹងថា​ ផ្លូវខេត្តលេខ៣១២ មានប្រវែង ២៨,៣៧២គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពី ភូមិសំរោង ឃុំល្វា (ត្រង់បំបែកផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ៧៧+០៨២) រហូតដល់ភូមិករគោ ឃុំបន្ទាយ ចក្រី(ព្រំប្រទល់កម្ពុជា-វៀតណាម) នៃភូមិសាស្ត្រស្រុកព្រះស្តេច ខេត្តព្រៃវែង។គម្រោងនេះនឹងត្រូវស្ដារពង្រីកទទឹងតួផ្លូវដែលបច្ចុប្បន្នមានប្រវែងប្រមាណពី ៤ ទៅ ៥ម៉ែត្រ ទៅទទឹងតួផ្លូវ ប្រវែង ១២ម៉ែត្រ និងលើកកម្រិតគុណភាពពីប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់(DBST) ទៅជាប្រភេទ ផ្លូវក្រាលកៅស៊ូAC មានកម្រាស់ ៦សង់ទីម៉ែត្រ និង ៨សង់ទីម៉ែត្រ និងក្រាលបេតុងសរសៃដែក កម្រាស់ ២៥សង់ទីម៉ែត្រ ដែលមានទទឹងរួម ១១ម៉ែត្រ និងមានគន្លងសម្រាប់រថយន្ត និងគន្លង សម្រាប់ទោចក្រយានធ្វើចរាចរណ៍(២គន្លង ទៅ-មក)។

គម្រោងនេះក៏នឹងរួមបញ្ចូលនូវការដាក់ លូគ្រប់ប្រភេទនៅតាមបណ្ដោយផ្លូវ ព្រមទាំងការបំពាក់ស្លាកសញ្ញា គំនូសសញ្ញា បង្គោលគីឡូម៉ែត្និងបង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់ផងដែរ។

លោកទេសរដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​ បានឱ្យដឹងទៀតថា​ ផ្លូវខេត្តលេខ៣១២នេះ នឹងត្រូវអនុវត្តការសាងសង់ដោយក្រុមហ៊ុន ILSUNG-KR JOINT VENTURE ប្រើប្រាស់រយៈពេលសាងសង់ចំនួន ១៨ខែ និងរយៈពេលថែទាំចំនួន ៦០ខែ និង ប្រើប្រាស់ថវិកាដែលជាឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី សរុបប្រមាណ ២៤,៨៩លានដុល្លារអាមេរិក សម្រាប់ការសាងសង់ ការបោសសម្អាតគ្រាប់មីនយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និង ពន្ធអាករផ្សេងៗ រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ការដោះស្រាយផល ប៉ះពាល់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here