ដំណឹងល្អ÷សម្តេចតេជោស្នើរអោយម្ចាស់បុរីបញ្ឈប់ការរើបអូសផ្ទះ និងយោគយល់ដល់អតិថិជនតាមរយៈការរៀបចំឥណទានឡើងវិញ

0

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រនៃកម្ពុជា បានមានប្រសាសន៍ថា សូមមេត្តាម្ចាស់បុរីទាំងអស់យោគយល់ ទប់ស្កាត់បញ្ឈប់ភ្លាមនូវសកម្មភាពរើបអូសផ្ទះពីអតិថិជន ហើយរៀបចំឥណទានឡើងវិញ ឯអ្នកទិញក៏ត្រូវតែមានការទទួលខុសត្រូវសងគេ។

ការថ្លែងបែបនេះ ក្នុងពេលសម្តេចតេជោអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុបចំនួន ១៨០៥៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ ក្នុងស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង(លើកទី២)នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។
សម្ដេចបានរំលឹកថា ក្នុងពេលដែលវិបត្តិកូវីដបានមកដល់ ធនាគារជាតិក៏ដូចជាមីក្រូហិរញ្ញវត្ថុ បានរៀបចំឥណទានឡើងវិញហើយ រាប់សែនគណនី គឺការរៀបចំឥណទានឡើងវិញ ឧទាហរណ៍ថា រយៈពេលសង ត្រូវសងក្នុងរយៈពេលប្រាំឆ្នាំ គាត់អាចបន្ថយរយៈពេលសង ទៅជា៧ឬ៨ឆ្នាំ ឬគាត់យករបស់ទៅដាក់បញ្ចាំង តម្លៃអចលនទ្រព្យរបស់គាត់ដាក់បញ្ចាំងបានត្រឹមតែ៣មុឺនទេ ចឹងដើម្បីផ្ដល់ទុនបន្ថែមសម្រាប់ការរកសុី គេពង្រីកទំហំរបស់បញ្ចាំងទៅជា៥មុឺន។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា ឥឡូវនេះ បញ្ហាស្ថិតនៅត្រង់ថា តាមបុរីនានា កិច្ចសន្យាពិតជាមានហើយរវាងអ្នកលក់និងអ្នកទិញ ក្នុងការបង់រំលោះផ្ទះ បង់រំលោះរថយន្ត ជាពិសេសគឺបង់រំលោះផ្ទះតែម្ដង ខ្ញុំសូមឱ្យម្ចាស់បុរីទាំងអស់ផ្ដល់ការយោគយល់ចំពោះការលំបាករបស់អ្នកដែលធ្លាប់មានប្រាក់ចំណូលខ្ពស់ ក៏ប៉ុន្តែប្រាក់ចំណូលវាធ្លាក់ ចឹងគប្បីត្រូវរៀបចំឥណទានឡើងវិញ ឧទាហរណ៍ថាឥឡូវត្រូវឱ្យបង់មួយខែត្រូវបង់៥០០ដុល្លារ ហើយបង់រយៈពេល១៥ឆ្នាំ ឥឡូវយើងអាចរៀបចំឥណទានឡើងវិញតាមរយៈថា ពីដើមបង់១៥ឆ្នាំ មួយខែបង់៥០០ដុល្លារ ឥឡូវយើងទាញអូសបន្លាយ ឱ្យទៅបង់២០ ឆ្នាំ ជាមួយនឹងការបន្ថយមកបង់ត្រឹមតែ៤០០ដុល្លារឬ៣៥០ដុល្លារ ក្នុងមួយខែវិញ ធ្វើយ៉ាងនេះបញ្ជៀសបាននូវការរើបអូសភ្លាមៗ ដែលវាជារឿងឈឺចាប់មួយសម្រាប់អ្នកដែលទិញអចលនទ្រព្យ ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៏ទៀតថា ហើយថៅកែអត់មានអីខាតទេ ព្រោះការពិតម្ចាស់បុរីចំណេញទៅវិញទេ ចំណេញត្រង់ការប្រាក់នៅការប្រាក់ដដែល ហើយអូសបន្លាយពេលសង ការប្រាក់នៅដដែល គាត់អត់អីខាតបង់សោះ ចឹងខ្ញុំសូមស្នើឱ្យក្រុមហ៊ុនអចលនទ្រព្យ លោកឧកញ្ញា លីហួរ ជាប្រធានសមាគមអចលនទ្រព្យ ធ្វើការលើរឿងនេះ ជាមួយសមាជិកសមាគម និងតាមបុរីនានា។

សម្តេចបានបន្តថា បើធ្វើការរើបអូសយ៉ាងនេះ គឺនឹងខូចខាតធ្ងន់ សេដ្ឋកិច្ចកម្ពុជានឹងដើរដល់ដំណាក់កាលមួយគ្រោះថ្នាក់ ហើយអ្នកដែលគ្រោះថ្នាក់គឺអ្នកដែលបង់រំលោះ ដែលត្រូវបានគេរើបអូស។  

សម្តេចបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលត្រូវតែមានការគាំពារទាំងសងខាង ម្ចាស់បុរីដែលលក់ផ្ទះអត់មានអីខាតទេ គ្រាន់តែពន្យាការសង ដោយត្រូវ បង់១៥ឆ្នាំ មួយខែបង់៥០០ដុល្លារ ឥឡូវពន្យាការបង់២០ ឆ្នាំ ប៉ុន្តែបង់ត្រឹមតែមួយខែ៤០០ដុល្លារឬ៣០០ដុល្លារ វិញបើធ្វើយ៉ាងដូច្នេះបាន ទាំងសងខាងឈ្នះដូចគ្នា។

សម្តេចសុំដោយទទូច ចំពោះម្ចាស់បុរី អ្នកធ្វើសំណង់ ផ្ដល់នូវការយោគយល់បែបនេះ សម្រាប់អ្នកដែលទិញផ្ទះ ការរើបអូសណាមួយមិនមែនជារឿងល្អសម្រាប់សេដ្ឋកិច្ចជាតិ ហើយសម្រាប់បញ្ហាសង្គមសេដ្ឋកិច្ចរបស់កម្ពុជានោះទេ   វានឹងទម្លាក់អ្នកដែលបានរកប្រាក់បង់ហើយ ជួនកាលបង់បាន១ភាគ៣ ជួបកាលបង់បានពាក់កណ្ដាល ជួនកាលបង់បាន២ភាគ៣ ស្រាប់តែត្រូវគេរើបអូស វាជារឿងឈឺចាប់ ។

LEAVE A REPLY

Please enter your comment!
Please enter your name here