រដ្ឋបាលខេត្តកោះកុងរៀបចំព្រាងបញ្ជីគំរោងអភិវឌ្ឍន៍ខេត្តសម្រាប់ ឆ្នាំ២០២៤ ២០២៦

0

ដោយៈ គង់ សូរិយា

        កោះកុងៈ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មាធិការ សម្របសម្រួ​លបច្ចេកទេសខេត្ត ដើម្បីពិនិត្យ និងផ្តល់យោបល់ លើសេចក្តីព្រាងបញ្ជីគម្រោងអាទិភាព ដោយប្រើប្រាស់ថវិកាខេត្ត ឆ្នាំ២០២៤-២០២៦។

លោកជំទាវអភិបាលខេត្ត បានអនុញ្ញាតឱ្យក្រុមការងារកសាងផែនការខេត្ត ដាក់សេចក្តីព្រាងបញ្ជីគម្រោងជាអាទិភាព ដោយប្រើប្រាស់ថវិកា ខេត្ត ឆ្នាំ២០២៤-២០២៦ ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំពេញអង្គរបស់គណៈកម្មាធិការ សម្របសម្រួលបច្ចេកទេសខេត្ត នាពេលថ្ងៃនេះ ដើម្បីសុំការពិនិត្យ និងផ្ដល់យោយល់។

យោងទៅលើសេចក្តីសម្រេចស្តីពី ការរៀបចំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ខ្ញុំសូមបញ្ជាក់ជូនដោយសង្ខេបស្តីពីតួនាទី និងភារកិច្ច សំខាន់ៗដូចខាងក្រោម
ទី១ -សម្របសម្រួល រៀបចំ ផែនការអភិវឌ្ឍន៍ និងថវិកា។
ទី២ -សម្របសម្រួលកិច្ចការរបស់ក្រុមប្រឹក្សាខេត្តជាមួយមន្ទីរ អង្គភាពជំនាញរបស់ក្រសួងស្ថាប័ននានា។
ទី៣ -កិច្ចសហប្រតិបត្តិការ និងសម្របសម្រួលនៅក្នុងរដ្ឋបាលឯកភាពខេត្ត។
ទី៤ -កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួល រវាងក្រុមប្រឹក្សាខេត្ត ជាមួយក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សា ស្រុក ក្រុមប្រឹក្សាឃុំ និង ក្រុមប្រឹក្សាសង្កាត់នៅក្នុងខេត្ត។
ទី៥ -កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលរវាងក្រុមប្រឹក្សាខេត្តជាមួយក្រុមប្រឹក្សាពាក់ព័ន្ធផ្សេងៗ និង
ទី៦-ការងារទាក់ទងនឹងមុខងារ និងធនធាន។

លោកជំទាវបានបន្តថា ការរៀបចំសេចក្តីព្រាងបញ្ជី គម្រោងគ្រោងប្រើប្រាស់ថវិកាខេត្ត ២០២៤-២០២៦ ត្រូវបានរៀបចំឡើងតាមលំដាប់លំដោយ ស្របតាមប្រកាសអន្តរក្រសួងលេខ ១៤៩ ផក.ប្រក ស្តីពីការដាក់ឱ្យប្រើប្រាស់សេចក្តីណែនាំ បំពេញបន្ថែមលើសេ​ចក្ដីណែនាំបច្ចេកទេសស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល រាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ដែលខ្លឹមសារសំខាន់ គឺការចាប់ផ្តើមរៀបចំកម្មវិធី វិនិយោគនៅថ្នាក់ក្រោមជាតិ ត្រូវដំណើរការទៅឱ្យស្រប ទៅនឹងដំណើរការរៀបចំថវិកា ហើយស្របទៅនឹងរចនាសម្ព័ន្ធថ្មី នៃការគ្រប់គ្រងនៅតាមបណ្តាក្រុង ស្រុក។

សេចក្តីព្រាងបញ្ជីគម្រោង ដែលបានលើកឡើង ឈ្មោះគម្រោងសំខាន់ៗ ដែលបានរំលេចឡើង ក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល គឺជាផែនទីចង្អុលប្រាប់ផ្លូវ ដើម្បីប្រើប្រាស់ជាមូលដ្ឋានដ៏សំខាន់ ក្នុងការធ្វើសេចក្តីសម្រេចចិត្ត អំពីការអភិវឌ្ឍន៍ខេត្ត ក្របខ័ណ្ឌចំណាយរយៈពេលមធ្យម(បីឆ្នាំ) និងថវិកាប្រចាំឆ្នាំរបស់ខេត្ត និងអ្នកពាក់ព័ន្ធជុំវិញខេត្ត ក្នុងន័យនេះមានន័យថា រដ្ឋបាលខេត្ត និងអ្នកពាក់ព័ន្ធជុំវិញខេត្តអាចប្រើប្រាស់ជាមូលដ្ឋាន ក្នុងការរៀបចំប្រើប្រាស់ថវិកា ក៏ដូចជាស្នើសូមថវិកាទៅស្ថាប័ន ជំនាញ ដើម្បីបង្ហាញអំពីទំហំសូចនាករ ការកំណត់វាស់វែងធនធានថវិកា ក្នុងការវិភាជន៍ថវិកាទៅតាមទំហំនៃសូចនាករនីមួយៗ។

ដូច្នេះក្នុងឱកាសដ៏ប្រពៃនេះ សូមឱ្យសមាជិក សមាជិកា នៃកិច្ចប្រជុំមេត្តារួមគ្នា ពិនិត្យ និងផ្តល់យោបល់ កំណត់នូវបញ្ហាប្រឈមនា​នា ដែលមានកន្លងមក ក្នុងការអនុវត្តតួនាទី ក៏ដូចជាបញ្ហាប្រឈមនៅមូលដ្ឋាន ផ្ដល់ជាធាតុចូលបន្ថែមទៀត ជូនដល់ក្រុមការងារកសា​ងផែនការ ដើម្បីដាក់បញ្ចូលទៅក្នុងកម្មវិធី វិនិយោគ៣ឆ្នាំរំកិល ២០២៤​-​២០២៦ អនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោកជំទាវបានបន្តថា យើងខ្ញុំសង្ឃឹមថាលទ្ធផលនៃ ការពិនិត្យ និងផ្ដល់យោបល់លើសេចក្តីព្រាងបញ្ជីគម្រោង គ្រោងប្រើប្រាស់ថវិកាខេត្ត នាឆ្នាំនេះ នឹងជាប្រយោជន៍ សម្រាប់ការប្រើប្រាស់ លើកិច្ចអភិវឌ្ឍន៍របស់ខេត្តឱ្យចំគោលដៅ ដើម្បីសម្រេចគោលបំណង និងចក្ខុវិស័យរបស់ខេត្ត ស្របតាមតម្រូវការអាទិភាពជាក់ស្ដែង របស់ប្រជាជនទូទាំងខេត្ត និងចូលរួម គាំទ្រដល់កម្មវិធីវិនិយោគ របស់ឃុំ សង្កាត់ដែលជាគម្រោងអាទិភាព ដែលមានដាក់បង្ហាញជូនក្នុងវេទិកាពិគ្រោះយោបល់ និងសិក្ខាសាលាសមាហរណកម្មវិធី វិនិយោគបីឆ្នាំរំកិល ឃុំ សង្កាត់ ថ្នាក់ក្រុង ស្រុក នាពេលខាងមុខ ក្នុងការគៀគរធនធានថវិកា ការគាំទ្រពីមន្ទីរវិស័យ អង្គការជាតិ និងអន្តរជាតិ វិស័យឯកជន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីការលើកកម្ពស់គុណភាពសេវាសាធារណៈ សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាព រស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ក្នុងខេត្ត បានប្រសើរឡើង៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here