រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មៈសេដ្ឋកិច្ចកម្ពុជារំពឹងកើនដល់៧ភាគរយនៅឆ្នាំ២០២៤

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោកប៉ាន សូរស័ក្តិបានលើកឡើងថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា មានកើនឡើងក្នុងរង្វង់ ៥% ក្នុងឆ្នាំ២០២២ ហើយត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់ប្រហែល ៦% ក្នុងឆ្នាំ២០២៣ និង៧% នៅឆ្នាំ២០២៤។

កំណើននេះនឹងធ្វើឱ្យប្រទេសកម្ពុជា នឹងឈានទៅកាន់ “ប្រទេ​សដែលមានចំណូលមធ្យមកម្រិតទាប” និងប្តេជ្ញាឈានទៅ “ប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់” នៅឆ្នាំ២០៥០ ខាងមុខនេះ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានថ្លែងបែបនេះ នៅក្នុងពេលអញ្ជើ​ញថ្លែងសុន្ទរកថាបើកក្នុងសិក្ខាសាលាស្ដីពី “កិច្ចសម្រួលពាណិជ្ជកម្ម និងការធ្វើពាណិជ្ជកម្មឌីជីថល រវាងប្រទេសកម្ពុជា និងជប៉ុន” នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។លោកបន្តថា ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មបានចូលរួមកិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈការធ្វើពាណិជ្ជកម្មឌីជីថលរួមមាន ការបង្កើត​គេហទំព័រ ចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម នៅលើគេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម (MoC) ឬតាមរយៈ CamDX ដែលជាប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្ម តាមប្រព័ន្ធស្វ័យប្រវត្តកម្មរួមមួយ ដែលរៀបចំ​ និងបង្កើតដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ប្រព័ន្ធស្វ័យប្រវត្តកម្មសំខាន់មួយទៀតគឺ Certificate of Origin Automation ដែលផ្តល់ជូនអ្នកនាំចេញ និងអ្នកផលិត ដើម្បីបង្កើត បញ្ជូន និងទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់វិញ្ញាបនបត្រនៃប្រភពដើមទំនិញ (CO)។

ពាក់ព័ន្ធនឹងគោលនយោបាយ និងយុទ្ធសាស្ត្រ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិបានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មបានដឹកនាំបង្កើតយុទ្ធសាស្ត្ររួមមួយ គឺយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា (CTIS) 2019-2023 ដែលបង្ហាញពីការប្រកួតប្រជែង ការធ្វើពិពិធកម្មការនាំចេញ និងប្រភពថ្មីនៃកំណើនសេដ្ឋកិច្ច។

លោកបន្តថា មិនតែប៉ុណ្ណោះ ក្រសួងពាណិជ្ជកម្ម បានបង្កើតយុទ្ធសាស្ត្រពាណិជ្ជកម្មអេឡិចត្រូនិក សំដៅបង្កើតប្រព័ន្ធអេកូស្សីពាណិជ្ជកម្មអេឡិចត្រូនិក ដែលចុះសម្រុងគ្នា និងរួមបញ្ចូលគ្នា ដែលអនុញ្ញាតឱ្យវិស័យឯកជន ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការលើក កម្ពស់ពាណិជ្ជកម្មក្នុងស្រុក និងឆ្លងកាត់ព្រំដែន៕

LEAVE A REPLY

Please enter your comment!
Please enter your name here