រាជរដ្ឋាភិបាលបន្តលើកកម្ពស់ការតភ្ជាប់ និងការអភិវឌ្ឍតំបន់ព្រំដែន

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ រាជរដ្ឋាភិបាលបាន និងកំពុងពលើកកំពស់ការតភ្ជាប់និងអភិវឌ្ឍន៍តំបន់នៅជាប់ព្រំដែននានា ដោយការពង្រីក និងលើកកម្រិត ផ្លូវខេត្តលេខ៣១២ ជាង២៨គ.ម ដែលជាផ្លូវយុទ្ធសាស្រ្តភ្ជាប់ពីផ្លូវជាតិលេខ១ ទៅច្រកទ្វារព្រំដែន។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី៩ មិថុនា បានអញ្ជើញចូលរួមអមដំណើរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសបើកការដ្ឋានលើកកម្រិត ជួសជុល និងថែទាំផ្លូវខេត្តលេខ៣១២ ក្រោមឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។

ការដ្ឋានលើកកម្រិត ជួសជុល និងថែទាំផ្លូវខេត្តលេខ៣១២ មានប្រវែង ២៨,៣៧២ គ.ម ចាប់ផ្តើមពីភូមិសំរោង ឃុំល្វា (ត្រង់បំបែកផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ ៧៧+០៨២) រហូតដល់ភូមិករគោ ឃុំបន្ទាយចក្រី (ព្រំប្រទល់កម្ពុជា-វៀតណាម) ក្នុងភូមិសាស្រ្តស្រុកព្រះស្តេច នៃខេត្តព្រៃវែង។

គម្រោងនេះ នឹងត្រូវស្តារពង្រីកទទឹងតួផ្លូវ រហូតដល់១២ម៉ែត្រ និងលើកកម្រិតគុណភាព ពីប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់(DBST) ទៅជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) និងផ្នែកខ្លះក្រាលបេតុងសរសៃដែក កម្រាស់២៥ស.ម ដែលមានទទឹងរួម ១១ម៉ែត្រ និងមាន២គន្លងទៅ-មក។ ការដាក់លូគ្រប់ប្រភេទនៅតាមបណ្តោយផ្លូវ ព្រមទាំងការបំពាក់ស្លាកសញ្ញា គំនូសសញ្ញា បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេស ក៏នឹងត្រូវបានរួមបញ្ចូលក្នុងគម្រោងនេះផងដែរ។

លោកស៊ុន ចាន់ថុលបានលើកឡើងថា ផ្លូវខេត្តលេខ៣១២ ដែលប្រារព្ធពិធីបើកការដ្ឋាននាពេលនេះ នឹងត្រូវអនុវត្តការសាងសង់ដោយក្រុមហ៊ុន ILSUNG-KR JOINT VENTURE គ្រោងសាងសង់ក្នុងរយៈពេល១៨ខែ និងថែទាំរយៈពេល៦០ខែ ដោយប្រើប្រាស់ថវិកា ដែលជាឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី សរុបប្រមាណ២៤,៨៩លានដុល្លារអាមេរិក សម្រាប់ការសាងសង់ ការបោសសម្អាតគ្រាប់មីនយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ រួមជាមួយនឹងថវិកាបដិភាគ របស់រាជរដ្ឋាភិបាល សម្រាប់ការដោះស្រាយផលប៉ះពាល់។

បន្ថែមពីនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើសុំទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីប្រើប្រាស់ថវិកាសន្សំ ក្នុងគម្រោងលើកកម្រិតបណ្ដាញផ្លូវថ្នល់ជំហាន២ (RNIP Phase2) ដើម្បីធ្វើការស្ថាបនាអគារ ឆ្លងកាត់ព្រំដែនអន្តរជាតិបន្ទាយចក្រី-ឌីញបា ដែលគ្រោងនឹងប្រើប្រាស់ថវិកាប្រមាណ ៨,៥លានដុល្លារអាមេរិក។

ផ្លូវខេត្តលេខ៣១២នេះ ជាខ្សែផ្លូវយុទ្ធសាស្រ្តដ៏សំខាន់មួយ ឆ្លងកាត់ឃុំចំនួន៤ ក្នុងភូមិសាស្រ្តស្រុកព្រះស្តេច នៃខេត្តព្រៃវែង រួមមាន៖ ឃុំល្វា ឃុំជ័យកំពក ឃុំអង្គររាជ និងឃុំបន្ទាយចក្រី។ ខ្សែផ្លូវនេះមានភាពប្រទាក់ក្រឡាគ្នា ជាមួយនឹងផ្លូវជាតិលេខ១ ផ្លូវខេត្តលេខ៣១២A និងផ្លូវក្រវាត់ព្រំដែន ដែលបានតភ្ជាប់តំបន់ទីប្រជុំជន ទៅកាន់តំបន់ព្រំដែន(កម្ពុជា-វៀតណាម)។

ក្រោយបញ្ចប់ការសាងសង់ ខ្សែផ្លូវនេះនឹងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ទៅកាន់មន្ទីរពេទ្យ សាលារៀន និងសម្រួលការដឹកជញ្ជូនទំនិញ ក៏ដូចជាកសិផលផ្សេងៗ ទៅកាន់ទីផ្សារមូលដ្ឋាន និងតំបន់ជុំវិញ ជាពិសេសរំពឹងថានឹងចូលរួមលើកកម្ពស់នូវសកម្មភាព ផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម ឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។

សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រីស ខេងបានលើកឡើងថា តម្រូវការអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាននៅកម្ពុជា គឺត្រូវបានរាជរដ្ឋាភិបាល នៅតែចាត់ទុកជាយុទ្ធសាស្រ្តអាទិភាព ដែលជំរុញកំណើនសេដ្ឋកិច្ច ហើយក៏ជាមធ្យោបាយដ៏មានប្រសិទ្ធភាព សម្រាប់កាត់បន្ថយភាពក្រីក្ររបស់ប្រជាជនផងដែរ។

សម្តេចបន្តថា “ការអភិវឌ្ឍរីកចម្រើននៅកម្ពុជា អាចសម្រេចទៅបាន គឺអាស្រ័យដោយមានការឧបត្ថម្ភគាំទ្រ តាមរយៈការផ្ដល់ហិរញ្ញប្បទានសម្បទាន និងជំនួយឥតសំណងពីសំណាក់ បណ្ដាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍នានា ដែលក្នុងនោះធនាគារអភិវឌ្ឍន៍អាស៊ី គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយ ដែលតែងតែផ្តល់ល់ការគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា”។

សម្តេចក្រឡាហោម បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានជួយពន្លឿនក្នុងការរៀបចំ នីតិវិធី ដើម្បីជំរុញឱ្យគម្រោងលើកកម្រិត ជួសជុល និងថែទាំផ្លូវខេត្តលេខ៣១២ អាចប្រកាសបើកការដ្ឋានបាននាពេលនេះ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here