សុខុម
ញូវយ៉ក: ការធ្លាក់ចុះការចំណាយរបស់អ្នកប្រើប្រាស់ និងអតិផរណាខ្ពស់នៅតែកើតមាន បានបណ្ដាលឱ្យសេដ្ឋកិច្ចធ្លាក់ចុះ២ត្រីមាសជាប់ៗគ្នានៅក្នុងសហភាពអឺរ៉ុប។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃអង្គារ ទី១៣ ខែមិថុនា។
នោះមានន័យថា តំបន់ចាយប្រាក់អឺរ៉ូ នេះបានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចរួចទៅហើយ ហើយកំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២៣ នេះទំនងជាចុះខ្សោយ។
-->
ទោះជាយ៉ាងណា ក្រុមអ្នកជំនាញសេដ្ឋកិច្ចលើកឡើងថា វិបត្តិសេដ្ឋកិច្ចនេះមានលក្ខណៈស្រាល ហើយសេដ្ឋកិច្ចអឺរ៉ុប ភាគច្រើនអាចបញ្ចៀសការធ្លាក់ចុះធ្ងន់ធ្ងរបាន ប៉ុន្តែពួកគេក៏ផ្តោតលើផលប៉ះពាល់ទៅលើសហរដ្ឋអាមេរិក និងសេដ្ឋកិច្ចពិភពលោកផងដែរ។
អ្នកជំនាញសេដ្ឋកិច្ចទាំងនោះបានចោទជាសំណួរបែបប្រៀបធៀបថា ប្រសិនបើអឺរ៉ុប កណ្ដាស់ តើសហរដ្ឋអាមេរិក អាចនឹងឆ្លងជំងឺផ្ដាសាយដែរឬទេ?
លោកស្រី Ozge Akinci និងលោក Paolo Pesenti ដែលជាអ្នកជំនាញសេដ្ឋកិច្ចមកពីធនាគារកណ្ដាលអាមេរិក បានឆ្លើយតបថា ចម្លើយគឺថា “នៅពេលអឺរ៉ុប ឆ្លងជំងឺផ្តាសាយ ពិភពលោកទាំងមូលអាចនឹងកណ្តាស់”។
ចម្លើយប្រៀបធៀបបែបនេះសរបង្ហាញឱ្យឃើញថា ជាការពិតណាស់ ប្រសិនបើតំបន់សហភាពអឺរ៉ុប ធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច វាពិតជាបង្កផលប៉ះពាល់ដល់សហរដ្ឋអាមេរិក និងពិភពលោក គ្រាន់តែមិនសូវធ្ងន់ធ្ងរប៉ុណ្ពោះ។
យោងតាមទិន្នន័យកាលពេលថ្មីៗនេះបង្ហាញថា ប្រទេសចំនួន២០ដែលប្រើប្រាស់ប្រាក់អឺរ៉ូ បានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចកម្រិតស្រាលរួចទៅហើយ នៅពេលអតិផរណាខ្ពស់បានបង្អាក់ការចាយវាយរបស់អ្នកប្រើប្រាស់ ហើយរដ្ឋាភិបាលក៏បានរឹតបន្តឹងការចាយវាយរបស់ខ្លួន។
នោះបានសេចក្ដីថា ទាំងតំបន់ចាយប្រាក់អឺរ៉ូ និងសហភាពអឺរ៉ុប ទាំងមូលនៅពេលនេះកំពុងធ្វើឱ្យសន្ទុះសេដ្ឋកិច្ចអាមេរិក ដើរយឺត៕ CNN៕