ដោយៈ គង់ សូរិយា
ភ្នំពេញៈ ជាដេំណឹងរីករាយមួយ ដែលកម្ពុជានឹងរៀបចំពិព៌ណពាណិជ្ជកម្មជាលើកដំបូងនៅសហរដ្ឋអាមេរិក និងរំពឹងថា ក្រុមហ៊ុនកម្ពុជាធំៗជាង១០០ នឹងចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ។
កម្មវិធីពិព៌ណនេះរៀបំឡើង ដោយសភាពាណិជ្ជកម្មកម្ពុជា (CCC) សហការជាមួយអគ្គកុងស៊ុលកម្ពុជា នៅរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក។ ការតាំងពិព៌ណនេះ ធ្វើឡើងក្នុងគោលបំណងពង្រីកផលិតផលផលិត ក្នុងស្រុកទៅកាន់ទីផ្សារអាមេរិក ក៏ដូចជាលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគី និងទាក់ទាញការវិនិយោគមកកាន់កម្ពុជា។
យោងតាមសេចក្តីប្រកាសរបស់ អគ្គកុងស៊ុលកម្ពុជានៅរដ្ឋកាលីហ្វ័រនីញ៉ា នៅថ្ងៃទី១ ខែមិថុនា “ពិព័រណ៍ធុរកិច្ចកម្ពុជា” ដែលគ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងឡុងប៊ិច ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០២៣។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើង ដើម្បីបង្ហាញអំពីទិដ្ឋភាពធុរកិច្ចកម្ពុជាដ៏សម្បូរបែប នឹងប្រារព្ធឡើងនៅ Holiday Inn Long Beach Airport, រដ្ឋកាលីហ្វ័រនីញ៉ា។
ព្រឹត្តិការណ៍នេះ នឹងបើកជាសាធារណៈចាប់ពីម៉ោង ១០:០០ នាទីព្រឹកដល់ម៉ោង ៣:០០ នាទីរសៀល និងអាចចូលរួមដោយសេរី។ មន្ត្រីក្រសួង ពាណិជ្ជកម្ម និងក្រសួងទេសចរណ៍កម្ពុជា ត្រូវបានរំពឹងថា នឹងថ្លែងក្នុងព្រឹត្តិការណ៍នេះ។ ក្រុមហ៊ុនដែលចាប់អារម្មណ៍ក្នុងការចូលរួមក្នុងព្រឹត្តិការណ៍នេះ ត្រូវបានលើកទឹកចិត្តឱ្យចូលទៅកាន់គេហទំព័ររបស់សភាពាណិជ្ជកម្ម ដើម្បីចុះឈ្មោះ។
អគ្គកុងស៊ុលកិត្តិយសកម្ពុជា លោកគឹម ឆាហួត ប្រធានសភាកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រនីញ៉ា ថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានថា ពិព័រណ៍នេះ នឹងបម្រើជាវេទិកាផ្សព្វផ្សាយ ផលិតផលរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ក៏ដូចជា ការកសាងទំនាក់ទំនងដោយផ្ទាល់រវាងវិនិយោគិនកម្ពុជា និងអាមេរិក។
លោកបានថ្លែងថា “ព្រឹត្តិការណ៍នេះបង្ហាញពីវេទិកា ដ៏អស្ចារ្យមួយ ដើម្បីបង្ហាញពីផលិតផលចម្រុះរបស់ប្រទេសកម្ពុជា។ អ្នកចូលរួមនឹងមានឱកាសស្វែងយល់ និងបទពិសោធន៍ផលិតផល ដូចជាមុខម្ហូបខ្មែរប្លែកៗ រួមមានអង្ករ ម្រេច គ្រាប់ស្វាយចន្ទី និងផលិតផលប្លែកៗជាច្រើនទៀត”។
អគ្គកុងស៊ុលរូបនេះ បានបញ្ជាក់បន្ថែមថា សមាជិកគណៈប្រតិភូដែលបានជ្រើសរើស គឺបើកចំហក្នុងការពិភាក្សា អំពីឱកាសវិនិយោគដែលមានសក្តានុពលនៅក្នុងទីផ្សារអាមេរិក។
ជាមួយគ្នានេះ ឧកញ៉ាលឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ឲ្យដឹងផងដែរថា សភាពាណិជ្ជកម្មកម្ពុជានឹងសហការជាមួយអគ្គកុងស៊ុល ក្នុងការរៀបចំពិព័រណ៍នេះ ដើម្បីតាំងបង្ហាញផលិតផលរបស់កម្ពុជា នៅក្នុងទីផ្សារសហរដ្ឋអាមេរិក ខណៈដែលទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសទាំង២ កំពុងរីកចម្រើន

លោកបញ្ជាក់ថា “យើងរំពឹងថា ពិព័រណ៍នេះនឹងបម្រើជាវេទិកាមួយ សម្រាប់ក្រុមហ៊ុនផលិតក្នុងស្រុករបស់ យើងដើម្បីបង្ហាញផលិតផលរបស់ពួកគេ និងស្វែងរកដៃគូអាជីវកម្មនៅអាមេរិក យើងមើលឃើញថា កម្ពុជាគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយ ជាមួយអាមេរិក”។ លោកបន្ថែមថា “ដូច្នេះពិព័រណ៍នេះ នឹងបង្កើតទំនុកចិត្តបន្ថែមទៀតក្នុងចំណោមអតិជិជនអាមេរិក”។
លោកឧកញ៉ាលឹម ហេងបានបន្តថា សភាពាណិជ្ជកម្មកម្ពុជានឹងបើកស្ថាប័នតំណាងរបស់ខ្លួន នៅរដ្ឋជាច្រើនក្នុងសហរដ្ឋអាមេរិកនាពេលឆាប់ៗនេះ។ ពាណិជ្ជកម្មទំនិញរវាងកម្ពុជា និងអាមេរិកបានកើនឡើងដល់១,១៦៩ ពាន់លានដុល្លារក្នុងរយៈពេល២ខែដំបូង នាឆ្នាំ ២០២៣ ធ្លាក់ចុះ ២០,៣៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យបណ្តោះអាសន្នរបស់ GDCE។
ការនាំចូលសំខាន់ៗរបស់សហរដ្ឋអាមេរិក ពីកម្ពុជារួមមានសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ ដែលផ្តល់ការងារដល់ប្រជាជនកម្ពុជាជាង១លាននាក់ ភាគច្រើនជាស្ត្រី ខណៈដែលការនាំចេញរបស់អាមេរិក មកកម្ពុជារួមមានយានយន្ត ចំណីសត្វ និងសេវាកម្មឌីជីថល៕






