តើបំណុលសាធារណៈរបស់កម្ពុជាឈានដល់ប៉ុន្មានពាន់លានដុល្លារអាមេរិកនៅអំឡុងក្នុងត្រីមាសទី១ ឆ្នាំនេះ

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: ព្រឹត្តិបត្រផ្លូវការបានបង្ហាញនៅថ្ងៃពុធនេះថា រដ្ឋាភិបាលកម្ពុជា បានកត់ត្រាភាគហ៊ុនបំណុលសាធារណៈ ក្នុងចំនួនសរុបចំនួន១០,២៧ពាន់លានដុល្លារអាមេរិក នៅចុងត្រីមាសទីមួយ ឆ្នាំនេះ ដែលកើនឡើង២,៨ភាគរយ ពីមួយត្រីមាសទៅមួយត្រីមាស។

យោងតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈរបស់កម្ពុជា ចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា បំណុលសាធារណៈមាន៦៧ភាគរយ មកពីដៃគូអភិវឌ្ឍន៍ទ្វេរភាគី(DPs) និង៣៣ភាគរយមកពី DPs ពហុភាគី។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកអូន ព័ន្ធមុនីរ័ត្នសមាសភាពនៃភាគហ៊ុនបំណុលសាធារណៈ រួមមាន រូបិយប័ណ្ណបរទេស ដែលក្នុងនោះ៤៣ភាគរយ ជាប្រាក់ដុល្លារអាមេរិក ២១ភាគរយជា SDR (សិទ្ធិគូរពិសេស) ១២ភាគរយជាប្រាក់យ័ន CNY ១១ភាគរយជាប្រាក់យ៉េន JPY ៧ភាគរយជាប្រាក់អឺរ៉ូ និង៦ភាគរយទៀតជារូបិយប័ណ្ណក្នុងស្រុក និងរូបិយប័ណ្ណដទៃទៀត”។

កាលពីត្រីមាសទី១ រដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខា លើប្រាក់កម្ចីសម្បទានថ្មីជាមួយ DPs សម្រាប់ចំនួនទឹកប្រាក់សរុបចំនួន៤៨៨,៣លានដុល្លារអាមេរិក ដែលស្មើនឹង២១,២៤ភាគរយនៃកម្រិតពិដានបំណុលអតិបរមា ដែលអនុញ្ញាតដោយច្បាប់។

យោងតាមព្រឹត្តិបត្រខាងលើនេះបានឱ្យដឹងទៀតថា “សរុបមក ប្រាក់កម្ចីទាំងអស់ មានសម្បទានខ្ពស់ ជាមួយនឹងធាតុអំណោយជាមធ្យមប្រហែល៣៨ភាគរយ”។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកអូន ព័ន្ធមុនីរ័ត្នបានមានប្រសាសន៍ថា កម្ចីទាំងអស់ត្រូវបានប្រើប្រាស់សម្រាប់ផ្តល់ហិរញ្ញប្បទាន ដល់គម្រោងវិនិយោគសាធារណៈក្នុងវិស័យអាទិភាពនានា ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ច ប្រកប​ដោយនិរន្តរភាពរយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច។

លោកបានឱ្យដឹងបន្ថែមនៅក្នុងព្រឹត្តិបត្រព័ត៌មានថា ស្ថានភាពបំណុលសាធារណៈរបស់កម្ពុជា នៅតែបន្តប្រកបដោយនិរន្តរភាព និងបង្កហានិភ័យទាបនៃវិបត្តិបំណុល៕

LEAVE A REPLY

Please enter your comment!
Please enter your name here