គោលនយោបាយដើម្បីប្រែក្លាយកម្ពុជា ជា”អធិរាជស្វាយចន្ទី”បានប្រកាសឲ្យប្រើប្រាស់ហើយ

0

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧” ត្រូវបានក្រសួងពាណិជ្ជកម្ម បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយកាលពីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣។

គោនយោបាយនេះ នឹងក្លាយជាកម្លាំងចលករ ដ៏មានប្រសិទ្ធភាព សម្រាប់ពង្រឹងផលិតភាព នៃផលិតកម្មដំណាំស្វាយចន្ទី ការនាំចេញ ដើម្បីជំរុញឱ្យកម្ពុជា ឈានទៅជាអធិរាជស្វាយចន្ទីនាពេលខាងមុខ។

ពិធីផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវគោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ នេះរៀបចំឡើង ក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានវត្តមានចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំ និងតំណា​ងក្រសួង-ស្ថាប័ន គណៈអភិបាលរាជធានី-ខេត្តទាំង២៥ ដៃគូអភិវឌ្ឍន៍ សភាពាណិជ្ជកម្មកម្ពុជា សហព័ន្ធស្វាយ​ចន្ទីកម្ពុជា សមាគមស្វា​យចន្ទីកម្ពុជា សមាគមនិងវិស័យឯកជនពាក់ព័ន្ធ សរុបប្រមាណ ២៥០នាក់។លោកប៉ាន សូរស័ក្ដិបានបញ្ជាក់ថា ការដាក់ចេញនូវគោលនយោ​បាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧នេះ នឹងដើរតួជាផែនទីបង្ហាញផ្លូវ និងជាកម្លាំងចលករដ៏មានប្រសិទ្ធភាព សម្រាប់ពង្រឹងផលិតភាពនៃផលិតកម្មដំណាំស្វាយចន្ទី និងលើកកម្ពស់ការប្រកួតប្រជែងទាំងទិន្នផល និងគុណភាព ការធ្វើពិពិធកម្ម ការកែច្នៃ ការនាំចេញ និងការបង្កើនតម្លៃបន្ថែម ដល់ភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃ សំដៅជួយគាំទ្រដល់តួអង្គ ដែលមានស្រាប់ និងទាក់ទាញវិនិយោគបន្ថែម ដោយរក្សាទីផ្សារចាស់ និងស្វែងរកទីផ្សារថ្មីប្រកប​ដោយចីរភាព។

លោកបន្តថា “គោលនយោបាយនេះ នឹងបង្កើតឱកាសការងារនិងតម្លៃបន្ថែមជូនប្រជាពលរដ្ឋ ព្រមទាំងចូលរួមកាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក និងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ”។

ទន្ទឹមគ្នានេះ លោកបានលើកឡើងអំពីសក្តានុពល នៃដំណាំស្វាយចន្ទីកម្ពុជា ដែលជាដំណាំកសិ-ឧស្សាហកម្ម និងជាដំណាំអាទិភាពមួយក្នុងចំណោមដំណាំអាទិភាព ដែលរាជរដ្ឋាភិបាលបាននិងកំពុងផ្តោតការយកចិត្តទុកដាក់ លើការបង្កើនផលិតភាព និងការប្រកួតប្រជែង តាមរយៈគុណភាព ការកែច្នៃ និងការនាំចេញដែលទទួលបានតម្លៃខ្ពស់។លោកប៉ាន សូស័ក្តិបានបន្តថា ការរៀបចំ និងដាក់ចេញគោលនយោបាយជាតិស្តីពី ស្វាយចន្ទីឆ្នាំ២០២២- ២០២៧ ពិតជាមានសារៈសំខាន់ ទើបក្រសួងពាណិជ្ជកម្ម សហការជាមួយក្រសួង-ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ បានផ្តួចផ្តើមរៀបចំសេចក្តីព្រាងគោលនយោបាយនេះតាំងពីឆ្នាំ២០១៩ ដោយបានឆ្លងកាត់ការរៀបចំកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់ចំនួន៤០លើក ជាមួយក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនពាក់ព័ន្ធ រហូតទទួលបានការឯកភាពពីគណៈរដ្ឋមន្រ្តី ក្នុងសម័យប្រជុំពេញអង្គ នាពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ។

តាមប្រភពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផលិតកម្មស្វាយចន្ទីឆ្នាំ២០២២ មានផ្ទៃដីដាំដុះ៤៣៥,៧៣៣ហិកតា ផ្ទៃដីប្រ មូលផលមានទំហំ៣៣០,៦១ហិកតា បរិមាណទិន្នផលមាន៥០៨, ២៨៣តោន ហើយការនាំចេញគ្រាប់ស្វាយចន្ទីឆៅ បានចំនួន៤៧១ ៥២០តោន និងការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃ បានចំនួន១៥៥៧តោន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here