ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកជា វ៉ាន់ដេតបានបង្ហើបឲ្យដឹងថា រដ្ឋាភិបាលមានគម្រោងតភ្ជាប់បណ្តាញខ្សែកាបអុបទិក ដល់គ្រប់ឃុំទូទាំងប្រទេស ត្រឹមឆ្នាំ២០២៧។
ការតភ្ជាប់នេះ នឹងគ្របដណ្តប់ទៅដល់សាលាឃុំ ប៉ុស្តិ៍នគរបាល វិទ្យាល័យ សាលារៀន មន្ទីរពេទ្យ ឬមណ្ឌលសុខភាព និងទីប្រជុំជន ព្រមទាំងការរៀបចំ មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (Community Tech Center)។
-->
លោកជា វ៉ាន់ដេតបានថ្លែងបែបនេះ ក្នុងពេលអញ្ជើញចូលរួម ផ្តល់បាឋកថាលើប្រធានបទស្តីពី “កម្ពុជា” ដំណើរឆ្ពោះទៅរកការធ្វើបរិវត្តកម្មឌីជីថល” ជូនសិស្សមន្ត្រី និងកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាលកាលពីថ្ងៃទី១៥ មិថុនា។
លោកបន្តថា ក្រសួងមានគម្រោងជួយ រៀបចំហេដ្ឋារចនាសម្ព័ន្ធនិងបណ្តាញអ៊ីនធឺណិតល្បឿនលឿន មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ នៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈនិងឯកជន ការផ្តល់អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ រាប់ពាក់កន្លែងជារៀងរាល់ឆ្នាំ សម្រាប់សិក្សាជំនាញឌីជីថល និងការបង្កើតកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថលផងដែរ។
លោកជា វ៉ាន់ដេត ក៏បានបង្ហាញអំពីហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ឌីជីថល លើការពង្រឹងគុណភាពសេវាទូរសព្ទចល័ត ការធ្វើឱ្យសេវាទូរគមនាគមន៍កាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការប្រើប្រាស់។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានជម្រាបជូនបន្ថែមអំពីការប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដែលជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ ក.ប.ទ. និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយការចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តជាអន្តរជាតិ។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីក៏បាន បង្ហាញពីការវិវឌ្ឍនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ក្នុងការធ្វើបរិវត្តកម្មឌីជីថល យន្តការអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥ គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ដែលដើរតួនាទីជាផែនទីបង្ហាញផ្លូវ សម្រាប់ការផ្ដល់សេវាសាធារណ: ជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។
លោកបានបញ្ជាក់ថា យន្តការអនុវត្តនិងរចនាសម្ព័ន្ធដឹកនាំ ដំណាក់កាលទី១ នៃការធ្វើបរិវត្តកម្មឌីជីថល ក្នុងក្រសួង-ស្ថាប័ន ដើម្បីជាមូលដ្ឋានក្នុងការចេញដំណើរ យើងត្រូវមានការរៀបចំអង្គភាពបរិវត្តកម្មឌីជីថល ការរៀបចំតភ្ជាប់បណ្តាញរាជរដ្ឋាភិបាល និងថ្នាក់ក្រោមជាតិ ឧបករណ៍និងប្រព័ន្ធ ការរៀបចំមជ្ឈមណ្ឌលទិន្នន័យ ការរៀបចំផែនការអភិវឌ្ឍឌីជីថល ក្នុងក្រសួងនីមួយៗ និងការរៀបចំផែនការសកម្មភាព៕