ដំណឹងល្អ: ក្រុមហ៊ុនថៃ Siam Makro គ្រោងសាងសង់ផ្សារទំនើប Makro ៣ទីតាំងបន្ថែមទៀតនៅកម្ពុជា

0

ដោយៈ សុខុម

បាងកក: ក្រុមហ៊ុនលក់រាយខ្នាតយក្សរបស់ថៃ Siam Makro បានទម្លាយប្រាប់កាសែត Krungthep Turakij នៅថ្ងៃសុក្រ ទី១៦ ខែមិថុនា នេះថា ខ្លួនគ្រោងបង្កើនចំនួនផ្សារទំនើប Makro របស់ខ្លួនទ្វេដងនៅកម្ពុជា ក្នុងរយៈពេល៣ឆ្នាំខាងមុខ ខណៈតម្រូវការផលិតផលប្រើប្រាស់របស់ថៃ កើនឡើងជាលំដាប់។

បច្ចុប្បន្នក្រុមហ៊ុន Siam Makro មានផ្សារទំនើប Makro ចំនួន៣ទីតាំងនៅកម្ពុជា៖ ១ទីតាំងនៅក្រុងសៀមរាប និង២ទីតាំងទៀតនៅរាជធានីភ្នំពេញ ពោលគឺនៅខណ្ឌសែនសុខ និងខណ្ឌជ្រោយចង្វារ ហើយគ្រោងនឹងបើកចំនួន៣ទីតាំងបន្ថែមទៀតនៅឆ្នាំ២០២៦ ដែលសរុប៦ទីតាំង។ក្រុមហ៊ុន Siam Makro ក៏មានបំណងក្លាយជាក្រុមហ៊ុនឈានមុខគេ ក្នុងទីផ្សារលក់រាយក្នុងប្រទេសចំនួន៣ផ្សេងទៀតផងដែរ រួមមានប្រទេសមីយ៉ាន់ម៉ា ប្រទេសចិន និងប្រទេសឥណ្ឌា។ក្រុមហ៊ុននិយាយថា ផែនការពង្រីករបស់ខ្លួន កាន់តែមានសន្ទុះខ្លាំងក្លា នៅពេលឧស្សាហកម្មទេសចរណ៍ ក្នុងតំបន់បានងើបឡើងវិញពីវិបត្តិកូវីដ-១៩។

ក្រុមហ៊ុន Siam Makro និយាយថា ការពង្រីកវត្តមានរបស់ខ្លួននៅកម្ពុជា បានដំណើរការយ៉ាងរលូន ដោយសារទីតាំងងាយស្រួលចូលទៅកាន់ផ្សារទំនើបរបស់ខ្លួន ការឌីហ្សាញទាក់ទាញ និងសេវាកម្មដែលបំពេញបានតាមតម្រូវការ របស់អ្នកប្រើប្រាស់ក្នុងស្រុក។

ក្រុមហ៊ុននេះផ្តោតលើការនាំយកអាហារស្រស់ ពីសហគ្រាសធុនតូច និងមធ្យម (SMEs) របស់ថៃ ចំនួនជាង៣០០ចូលមកកម្ពុជា ខណៈជួយដល់សហគ្រាសផលិត នូវផលិតផលកសិកម្មក្នុងស្រុកផងដែរ។ក្រុមហ៊ុននិយាយទៀតថា ខ្លួនបានផ្ដល់ការងារចំនួន៩០%នៃកម្លាំងការងារ សរុបរបស់ខ្លួននៅកម្ពុជា ដល់ពលរដ្ឋខ្មែរ។

ដើម្បីផ្សព្វផ្សាយផលិតផលថៃនៅកម្ពុជា បន្ថែមទៀត ក្រុមហ៊ុន Siam Makro កំពុងសហការជាមួយនាយកដ្ឋានផ្សព្វផ្សាយពាណិជ្ជកម្មអន្តរជាតិដើម្បីរៀបចំ “ពិព័រណ៍ចំណីអាហារ និងភេសជ្ជៈថៃ ឆ្នាំ២០២៣”។ ព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធឡើងរយៈពេល៥ឆ្នាំជាប់គ្នានៅគ្រប់ផ្សារទំនើបរបស់ខ្លួន៕ The Nation៕

LEAVE A REPLY

Please enter your comment!
Please enter your name here