ដោយ: គង់ លាងហួរ
ភ្នំពេញ: លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានស្នើទៅកាន់រដ្ឋាភិបាលចិន ជួយជំរុញការហោះហើរត្រង់ពីទីក្រុងនានាមកកាន់កម្ពុជា។
លោកបន្តថា ចំពោះទីក្រុងណាដែលមិនទាន់បើកការហោះហើរមកកម្ពុជា ក៏សូមបង្កើតឱ្យមានការហោះហើរត្រង់ មកឱ្យបានកាន់តែច្រើន ខណៈកម្ពុជានឹងមានអាកាសយានដ្ឋានអន្តរជាតិធំៗ ដែលអាចទទួលការចុះចតយន្តហោះដឹ កអ្នកដំណើរគ្រប់ប្រភេទ។
-->
ការស្នើបែបនេះរបស់លោករដ្ឋមន្ត្រី ថោង ខុន ធ្វើឡើងក្នុងជំនួបពិភាក្សាជាមួយលោក រ៉ាវ ឈាន (Rao Quan) អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិន នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ។
ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានស្នើឱ្យមានការជំរុញការហោះហើរត្រង់ ពីទីក្រុងសំខាន់ៗនៅប្រទេសចិន មកកាន់អាកាសយានដ្ឋានអន្តរជាតិ នៅប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនទៀត ពិសេសគឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ខណៈអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ត្រៀមដាក់ឱ្យដំណើរការនាចុងឆ្នាំ២០២៣ឆាប់ៗខាងមុខ និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ក៏នឹងបើកដំណើរការនៅចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥នេះហើយដែរ។
លោកអនុរដ្ឋមន្ត្រីចិន រ៉ាវ ឈាន បានសន្យាពាំនាំសំណើទាំងនេះ ក៏ដូចជាព័ត៌មាននៃកិច្ចពិភាក្សានេះ ជូនទៅកាន់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ក្នុងការពិចារណាជំរុញ ឱ្យមានការហោះហើរត្រង់មកកាន់កម្ពុជាបន្ថែមទៀត។
លោក រ៉ាវ ឈាន បានលើកឡើងពីបំណង ចង់ពង្រីកជើងហោះហើរត្រង់ពីទីក្រុង ដែលមានការហោះហើរត្រង់ មកកាន់កម្ពុជាស្រាប់ និងរៀបចំឱ្យមានជើងហោះហើរត្រង់ថ្មី សម្រាប់អាកាសយានដ្ឋានដែលមិនទាន់មានការហោះហើរត្រង់ជាមួយគ្នា។
ភាគីទាំងពីរបង្ហាញក្តីសុទិដ្ឋិនិយមថា ការពង្រីកបន្ថែមជើងហោះហើរត្រង់រវាងប្រទេសទាំងពីនេះ គឺជាកាលនុវត្តភាពមួយក្នុងការទាក់ទាញលំហូរទេសចរ ពីប្រទេសចិនមកកាន់កម្ពុជា និងពីកម្ពុជាទៅកាន់ប្រទេសចិន ក៏ដូចជាទេសចរមកពីប្រទេសផ្សេងទៀតផងដែរ៕