កម្ពុជា ម៉ាល់ឌីវនឹងបើកជើងហោះហើរត្រង់នាពេលខាងមុខ ខណៈការលើកលែងទិដ្ឋាការប្រទេសទាំងពីរបានចូលជាធរមាន

0
17.PR , Promotion Feb (W. 1280px x H.671px)

ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ កិច្ចព្រមព្រៀងលើកលែងទិដ្ឋការកម្ពុជា-ម៉ាល់ឌីវចូលជាធរមាន, ភាគីទាំងពីរឯកភាពអនុវត្តផែនការសកម្មភាព បន្តវឌ្ឍនភាពវិស័យទេសចរណ៍។

បន្ទាប់ពីកិច្ចព្រមព្រៀងស្ដីពី ការលើកលែងទិដ្ឋការរវាងកម្ពុជា-ម៉ាល់ឌីវ បានចូលជាធរមានកាលពីខែឧសភា ឆ្នាំ២០២៣ កន្លងទៅ ភាគីទាំងពីរបានឯកភាពគ្នា អនុវត្តផែនការសកម្មភាពមួយចំនួនទៀត ដើម្បីបន្តវឌ្ឍនភាពលើវិស័យទេសចរណ៍ រួមគ្នាជំរុញរំហូរទេសចរប្រទេសទាំងពីរ និងប្រទេសទី៣ឱ្យកាន់តែច្រើនថែមទៀត។

ការឯកភាពគ្នានេះធ្វើឡើង ក្នុងជំនួបពិភាក្សាការងាររវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក អ័បឌុលឡា ម៉ូស៊ូម (Abdulla Mausoom) រដ្ឋមន្ត្រីក្រសួងទេសចរណ៍ម៉ាល់ឌីវ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣។
លោកជុក ជំនោរ អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងទេសចរណ៍ បានឱ្យដឹងថា នាជំនួបខាងលើនោះ លោករដ្ឋមន្ត្រី ថោង ខុន បានរំឭកពីដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសម៉ាល់ឌីវ កាលពីថ្ងៃទី១៥-១៧ ខែមករា ឆ្នាំ២០២៣ កន្លងទៅ ដែលមានការចុះហត្ថលេខា ទៅលើឯកសារចំនួន៦ ក្នុងនោះក៏មានអនុស្សរណៈយោគយល់គ្នាស្ដីពី កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ រវាងក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍ម៉ាល់ឌីវផងដែរ។

លោកជុក ជំនោរ បានបន្តថា “កិច្ចព្រមព្រៀងស្ដីពីការលើកលែងទិដ្ឋការរវាងកម្ពុជា-ម៉ាល់ឌីវ គឺបានចូលជាធរមានហើយកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ បានន័យថា ចាប់ពីពេលនេះតទៅ ប្រជាជន/ភ្ញៀវទេសចរកម្ពុជា និងម៉ាល់ឌីវអាចធ្វើដំណើរទៅមកប្រទេសទាំងពីរបាន ដោយមិនចាំបាច់មានទិដ្ឋការ សម្រាប់ការស្នាក់នៅរយៈពេលក្រោម៣០ថ្ងៃ”។

តាមរយៈអនុស្សរណៈយោគយល់គ្នាស្ដីពី កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងកិច្ចព្រមព្រៀងស្ដីពីការលើកលែង ទិដ្ឋការរវាងកម្ពុជា-ម៉ាល់ឌីវនេះហើយ ទើបបានជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ប្រទេសទាំងពីរឯកភាពគ្នា បង្កើតក្រុមការងារចម្រុះកម្ពុជា-ម៉ាល់ឌីវ (Working Group) ដើម្បីរួមសហការគ្នាអនុវត្តផែនការសកម្មភាពនានាដែលមានបញ្ជាក់ ក្នុងអនុស្សរណៈទ្វេភាគីខាងលើ សំដៅបន្តវឌ្ឍនភាពលើវិស័យទេសចរណ៍ រវាងប្រទេសទាំងពីរ រួមគ្នាជំរុញរំហូរទេសចរប្រទេសទាំងពីរ និងប្រទេសទី៣ឱ្យកាន់តែច្រើនថែមទៀត។

លោកជុក ជំនោរ ការងារសំខាន់ៗចំពោះមុខ ភាគីទាំងពីរបានឯកភាពគ្នារៀបចំកិច្ចប្រជុំ ក្រុមការងារចម្រុះនៅពេលសមស្របណាមួយ សំដៅធ្វើយ៉ាងណាបង្កើនសកម្មភាព ផ្សព្វផ្សាយទេសចរណ៍រួមគ្នា ដូចជា ការផ្លាស់ប្ដូរទស្សនកិច្ចសិក្សា ទៅវិញទៅមករបស់ថ្នាក់ដឹកនាំ មន្ត្រីជំនាញនៃក្រសួងទេសចរណ៍ប្រទេសទាំងពីរ ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ សារព័ត៌មាន និងអ្នកមានប្រជាប្រិយភាពក្នុងបណ្ដាញសង្គម (Influencers)។

ភាគីទាំងពីរក៏បានឯកភាពបង្កើត កញ្ចប់ទស្សនកិច្ចរួមគ្នាស្របតាមទស្សនទាន “ប្រទេសពីរ គោលដៅតែមួយ” ដើម្បីជំរុញការផ្សព្វផ្សាយ ទៅកាន់ទីផ្សារទេសចរណ៍អន្តរជាតិ និងទាក់ទាញរំហូរទេសចរអន្តរជាតិ ឱ្យចូលមកទស្សនាប្រទេសកម្ពុជា និងប្រទេសម៉ាល់ឌីវ។ ការបង្កើតឱ្យមានកញ្ចប់ទស្សនកិច្ចរួមគ្នានេះ គឺជាគំនិតផ្ដួចផ្ដើមថ្មីមួយ សម្រាប់ជំរុញចលនាទេសចរអន្តរជាតិ និងទាក់ទាញឱ្យមានការស្នាក់នៅយូរ។

ឧទាហរណ៍ ភ្ញៀវទេសចរអាចស្នាក់នៅ /ទស្សនាកម្សាន្តនៅកម្ពុជា៣ថ្ងៃ និង៣ថ្ងៃទៀតនៅម៉ាល់ឌីវ។

ភាគីទាំងពីរបានបន្តឯកភាពគ្នា ជំរុញឱ្យស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុនអាកាសចរណ៍ តភ្ជាប់ជើងហោះហើរត្រង់កម្ពុជា-ម៉ាល់ឌីវ ដើម្បីសម្រួលការធ្វើដំណើរ របស់ភ្ញៀវទេសចរឱ្យកាន់តែងាយស្រួល ខណៈបច្ចុប្បន្នភ្ញៀវទេសចរ ដែលចង់ទៅមកប្រទេសទាំងពីរអាចផ្លាស់ជើងហោះហើរនៅសិង្ហបុរី ឬម៉ាឡេស៉ី ប៉ុន្តែយ៉ាងណាក៏មិនធ្វើឱ្យភ្ញៀវទេសចរ ឬអ្នកដំណើររង់ចាំយូរនោះដែរ ពោលគឺមិនមានបញ្ហាស្ម័គ្រស្មាញឡើយ។

លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា នៅកម្ពុជាអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី នឹងត្រៀមដាក់ឱ្យដំណើរការនាចុងឆ្នាំ២០២៣ឆាប់ៗខាងមុខ ហើយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីក៏នឹងបើកដំណើរការនៅចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥នេះហើយដែរ ដូច្នេះភាគីទាំងពីរនឹងអាចតភ្ជាប់ ជើងហោះហើរត្រង់ទៅមកបានយ៉ាងងាយស្រួល។

រដ្ឋមន្ត្រីទេសចរណ៍ម៉ាល់ឌីវ ក៏បានអញ្ជើញឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ធ្វើទស្សនកិច្ចនៅប្រទេសម៉ាល់ឌីវនៅចុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ដើម្បីស្វែងយល់ពីសក្ដានុពលវិស័យទេសចរណ៍ និងបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ។ នៅម៉ាល់ឌីវ ចាប់ពីចុងខែកក្កដា ដល់ខែសីហា ឆ្នាំ២០២៣ មានការរៀបចំព្រឹត្តិការណ៍វប្បធម៌ម៉ាល់ឌីវ (Maldiv Cultural Festival) ដែលជាឱកាសដ៏ល្អមួយ សម្រាប់ដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រី ថោង ខុន និងប្រតិភូក្រសួងទេសចរណ៍កម្ពុជា ទៅកាន់ប្រទេសម៉ាល់ឌីវនោះ។

រដ្ឋមន្ត្រីទេសចរណ៍ម៉ាល់ឌីវ បានបង្ហាញការកោតសរសើរចំពោះការអភិវឌ្ឍនៅប្រទេសកម្ពុជា ព្រមទាំងមើលឃើញពីសក្ដានុពលសម្បូរបែបនៃវិស័យទេសចរណ៍កម្ពុជា ដែលអាចភ្ជាប់គោលទេសចរ​ណ៍រួមគ្នា ដោយកម្ពុជាមានសក្ដានុពលទេសចរណ៍ផ្នែកវប្បធម៌ ធម្មជាតិ សមុទ្រជាដើម ហើយម៉ាល់ឌីវមានសក្ដានុពលទេសចរណ៍ ផ្នែកសមុទ្រ ឆ្នេរ កោះជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here