ដោយៈ គង់ ហ្វីអូណា
កំពង់ស្ពឺៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ប្រទេសខ្លះកំពុងដំឡើងថ្លៃអគ្គិសនី តែសម្រាប់ប្រទេសកម្ពុជាមិនឡើងថ្លៃទេ។
សម្តេចតេជោបានបន្តថា អគ្គិសនីកម្ពុជាធ្វើអាជីវកម្មមិនចំណេញទេ ហើយបើចំណេញ ក៏ចំណេញតិច ដោយរដ្ឋឧបត្ថម្ភទុន។ សម្តេចបានលើកឡើងដូចនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិត២ម៉ឺននាក់ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីចុងសប្តាហ៍មុន ។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា នៅតាមភូមិជាទូទៅប្រមាណ៩៩ភាគរយ មានអគ្គិសនីប្រើ តែមានតែភូមិថ្មីៗដែលទើបតែកើតបួនប្រាំផ្ទះទេ មិនទាន់មានភ្លើងអគ្គិសនីទៅដល់។ អត់ទាន់មានអគ្គិសនីទៅដល់ពិតមែន ក៏ប៉ុន្តែប្រជាពលរដ្ឋប្រើសូឡា ប្រើអាគុយ មិនដុតចន្លុះទេ ពីមុនសម្តេចជិះយន្តហោះ បើក្រឡេកមើលក្រោមឆ្លងកាត់ប្រទេសជិតខាង ឆ្លងចូលដល់ព្រំដែនកម្ពុជាងងឹតឈឹង មកដល់ភ្នំពេញទើបភ្លឺ ក៏ប៉ុន្តែឥឡូវចេញពីព្រំដែនថៃ ព្រំដែនឡាវចូលមកក្នុងទឹកដីកម្ពុជា តាមភូមិមានភ្លើងភ្លឺ។ មិនដូចពួកចង្រៃខ្លះវាថា ដឹកនាំប្រទេសខ្ទេចខ្ទាំនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា “ស្បថឲ្យងាប់ទាំងម៉ែ ទាំងពូជឯង ទៅថាពិតជាខ្ទេចខ្ទាំមែនទេ? គ្មានអ្វីអត់ជាងក្រោយឆ្នាំ១៩៧៩ ក្រោយរំលំប៉ុលពតទេ គ្មានអីស៊ី”។
សម្តេចតេជោ ហ៊ុន សែន បានប្រាប់កម្មករថា អាចសួរជីដូនជីតាថា ពីមុនយ៉ាងម៉េចលំបាកយ៉ាងម៉េច ប្រហែលជាឪពុកម្ដាយរបស់ក្មួយៗខ្លះជាកុមារជំនាន់ប៉ុលពត៕






