មហាសេដ្ឋីធំៗបំផុតរបស់អាមេរិកសម្រុកធ្វើទស្សនកិច្ចនៅប្រទេសចិនស្របពេលទំនាក់ទំនងការទូតកើនឡើងកម្ដៅ

0

ដោយៈ សុខុម

បាងកក: កំពូមហាសេដ្ឋីជំនួញធំៗបំផុត របស់សហរដ្ឋអាមេរិក រាប់ចាប់ពីនាយកប្រតិបត្តិ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Microsoft លោក Bill Gates រហូតដល់នាយកប្រតិបត្តិក្រុមហ៊ុនApple លោក Tim Cook បានធ្វើទស្សនកិច្ច ទៅកាន់រដ្ឋធានីប៉េកាំង ជាបន្តបន្ទាប់ ដែលហាក់មិនខ្វល់ពីការកើនឡើងកម្ដៅ ក្នុងទំនាក់ទំនងទូតរវាងសហរដ្ឋអាមេរិក និងប្រទេសចិន។

មហាសេដ្ឋីធំៗបំផុតទូទាំងពិភពលោក ដែលមិនត្រឹមតែមហាសេដ្ឋីអាមេរិក បានចាប់ផ្ដើមសម្រុកធ្វើទស្សនកិច្ច ទៅកាន់ប្រទេសចិន បន្ទាប់ពីប្រទេសនេះ បានបញ្ចប់ការបិទខ្ទប់ប្រទេសដ៏តឹងរ៉ឹងរយៈពេលជិត៣ឆ្នាំកាលពីចុងឆ្នាំ២០២២។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅ។

នៅទីក្រុងប៉េកាំង មហាសេដ្ឋីអាមេរិក ទាំងនេះបានបង្ហាញសុទិដ្ឋិនិយមរបស់ពួកគេ ចំពោះទីផ្សារដ៏ធំសម្បើមរបស់ប្រទេសចិន និងទំនាក់ទំនងពាណិជ្ជកម្ម រវាងសេដ្ឋកិច្ចធំបំផុតទាំង២ របស់ពិភពលោក។

ក្រោយធ្វើដំណើរទៅដល់ក្រុងប៉េកាំង តាមជើងហោះហើរកាលពីចុងខែឧសភា លោកElon Musk បានលើកឡើងថា ផលប្រយោ​ជន៍របស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង គឺត្រូវបានផ្សារភ្ជាប់គ្នា ប្រៀបដូចកូនភ្លោះជាប់គ្នា ដែលមិនអាចកាច់ផ្ដាច់ចេញពីគ្នាបាន”។ចំណែកឯលោក Tim Cook ក៏បាននិយាយផងដែរអំពីទំនាក់ទំនងពឹងផ្អែកគ្នាទៅវិញទៅមក របស់ក្រុមហ៊ុនលោកជាមួយប្រទេសចិន ទីដែលក្រុមហ៊ុនApple បានបង្កើតរោងចក្រផលិតទូរស័ព្ទ iPhone ដ៏ធំបំផុតរបស់ពិភពលោកនៅទីនោះ។អ្វីដែលជាមហាកិត្តិយសធំបំផុតនោះ គឺជំនួបកាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅរវាងលោកBill Gates ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនភីង។

យោងតាមកាសែតរដ្ឋចិន People’s Daily ឱ្យដឹងថា លោក ស៊ី ជីនភីង បានហៅលោក Bill Gates ថា “មិត្តសម្លាញ់ចាស់”។ដំណើរទស្សនកិច្ចទាំងនេះ បានកើតមានឡើងស្របពេលទំនាក់ទំនងដ៏តានតឹងរវាងសហរដ្ឋអាមេរិក និងប្រទេសចិន នៅតែបន្តកើតមាន និងបន្ទាប់ពីទំហំពាណិជ្ជកម្ម រវាងមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំង២ បានឈានដល់៦៩០,៦ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំមុន។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក៕ Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here