ជប៉ុនផ្តល់ឥណទានដល់កម្ពុជាជិត១៩០លានដុល្លារសម្រាប់”គម្រោងតភ្ជាប់ផ្លូវថ្នល់ និងផ្គត់ផ្គង់ទឹក”

0

ដោយៈ ហ្វីអូណា

ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងអញ្ជើញចុះហត្ថលេខារួមគ្នា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ លើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធមួយចំនួន។

ឯកសារប្តូរសារសំខាន់ៗទាំងនោះមានដូចជា ទី១. ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន២៣.៦៩២ លានយ៉េន (ប្រមាណ១៧២,៩៣ លានដុល្លារអាមេរិក) សម្រាប់ការអនុវត្ត “គម្រោ​ងកែលម្អ ការតភ្ជាប់ផ្លូវជនបទ”និងទី២ ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន២.០៨១លានយ៉ន (ប្រមាណ ១៥,១៨ លានដុល្លារអាមេរិក) សម្រាប់ការអនុវត្ត “គម្រោងពង្រីកសមត្ថភាព ផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប ដំណាក់កាលទី៣”។
ការផ្តល់ជំនួយខាងលើ បញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាកររបស់ជប៉ុនក្នុងការគាំទ្រដល់កិច្ច ខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

ការគាំទ្រនេះ ក៏នឹងរួមចំណែកផងដែរ ដល់ការពង្រឹងទំនាក់ទំនងយូរអង្វែង និងកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ដែល នាពេលថ្មីនេះៗបានតម្លើងទំនាក់ទំនងទ្វេភាគី ទៅជាកម្រិត “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ខណៈពេលដែលប្រទេសទាំងពីរកំពុងប្រារព្ធខួប អនុស្សាវរីយ៍លើកទី៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here