រដ្ឋាភិបាលកម្ពុជាគ្រោងពង្រីកទំហំផ្ទៃដីព្រៃឈើលក់ឥណទានកាបូនឱ្យដល់៤លានហិកតា

0
17.PR , Promotion Feb (W. 1280px x H.671px)

        ដោយៈ ហ្វីអូណា

        ពោធិសាត់់ៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ជួប ប៉ារីស៍ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា មានផែនការពង្រីកទំហំផ្ទៃដីព្រៃឈើ ដើម្បីលក់ឥណទានកាបូនឱ្យបាន៤លានហិកតា នៅត្រឹមឆ្នាំ២០២៤។

ជាមួយគ្នានេះ រដ្ឋាភិបាលគ្រោងពង្រីកឱ្យបានផ្ទៃដីគ្រប់ដណ្តប់ព្រៃឈើជាង ២លានហិកតាបន្ថែមទៀត នៅត្រឹមឆ្នាំ២០២៤ ខណៈបច្ចុប្បន្ន បាននិងកំពុងលក់ក្នុងទំហំព្រៃឈើជិត២លានហិកតា ក្នុងតំបន់ការពារធនធានធម្មជាតិ។

លោក ជួប ប៉ារីស៍ បានឱ្យដឹងដូចនេះក្នុងវគ្គបណ្តុះបណ្តាល និងដំណើរទស្សនកិច្ច ក្នុងក្របខ័ណ្ឌនៃយុទ្ធនាការជាមួយ ប្រព័ន្ធផ្សព្វផ្សា​យ និងអ្នកសារព័ត៌មានក្នុងសុក ដើម្បីស្វែងយល់ពីការអនុវត្ត “កម្មវិធីប្រយុទ្ធនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា” ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ នៅខេត្តពោធិ៍សាត់ ដែលជាខេត្ត បាននិងកំពុងអនុវត្តគម្រោងនិរន្តរភាពបរិស្ថាន គម្រោងរេដបូកនៅតំបន់ជួរភ្នំក្រវាញកណ្តាល និងកម្មវិធីលើកកម្ពស់ជីវភាពសហគមន៍ ដើម្បីបញ្ឈប់ការចូលព្រៃកាប់ឈើ សម្រាប់ជាប្រយោជន៍ទុកលក់ឥណទានកាបូន និងជាជម្រករបស់សត្វព្រៃ។លោកអនុរដ្ឋលេខាធិការ បានបញ្ជាក់ថា ផ្ទៃដីគ្រប់ដណ្តប់ព្រៃឈើ ដែលនឹងត្រូវលក់ឥណទានកាបូន បានបន្ថែមទៀតនៅក្នុងអំឡុងឆ្នាំ២០២៤ មានតំបន់ការពារធម្មជាតិក្រវាញកណ្តាល តំបន់ការពារធម្មជាតិភ្នំសំកុស ក្នុងខេត្តពោធិ៍សាត់ និងតំបន់ការពារធម្មជាតិនៅក្នុងខេត្តព្រះវិហារ។

ចំពោះចំណូល ដែលបានមកពីការលក់ឥណទានកាបូន នឹងត្រូវបានចាក់ចូលទៅសហគមន៍មូលដ្ឋាននានា នៅជុំវិញដែនជម្រកសត្វព្រៃ និងតំបន់ការពារធម្មជាតិ ដើម្បីជំរុញការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ និងសត្វព្រៃ ជាពិសេស ចូលរួមចំណែកដល់ការពង្រឹងសេដ្ឋកិច្ចរបស់ប្រជាសហគមន៍ សំដៅលុបបំបាត់ការចូលព្រៃកាប់ឈើ និងបរបាញ់ ឬដាក់អន្ទាក់ចាប់សត្វព្រៃ។

ចាប់ពីឆ្នាំ២០១៦ កម្ពុជារកចំណូលបានប្រមាណ១១,៦លានដុល្លារ ពីការលក់ឥណទានកាបូនពីព្រៃឈើ នៅតំបន់ជួរភ្នំក្រវាញ ដែនជម្រកសត្វព្រៃកែវសីមា នៃខេត្តមណ្ឌលគិរី និងគម្រោងរេដបូកនៅតំបន់ព្រៃឡង់។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA) បានឱ្យដឹងថា គម្រោងរេដបូក(Redd+) ជួរភ្នំក្រវាញខាងត្បូង បានបង្កើតឱកាសចិញ្ចឹមជីវិត សម្រាប់សហគមន៍មូលដ្ឋាន និងបានជួយគាំទ្រ ជីវភាពរស់នៅរបស់សហគមន៍ចំនួន២៩ ដែលជាទីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋប្រមាណ៤ពាន់គ្រួសារ។ ការជួយគាំទ្រនេះរួមមាន ការជួយគាំទ្រដល់វិស័យទេសចរណ៍ធម្មជាតិ កសិកម្ម និងអាហារូបករណ៍ដល់យុវជន និងការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធ ដូចជា អណ្តូងទឹក និងផ្លូវថ្នល់ ជាដើម។កាលពីមុនប្រជាពលរដ្ឋចូលព្រៃ ដើម្បីកាប់ឈើបានលុយ តែឥឡូវប្រជាពលរដ្ឋ បានចូលរួមរក្សាព្រៃឈើដើម្បីបានលុយ និងបានច្រើជាងកាប់ឈើ ហើយក៏ជាប្រភពមិនចេះរីងស្ងួត។ ការរួមគ្នារក្សាព្រៃឈើឈរជាផលប្រយោជន៍ សម្រាប់សហគមន៍នៅតំបន់ការពារធម្មជាតិផ្ទាល់ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូល៕

LEAVE A REPLY

Please enter your comment!
Please enter your name here