សុខុម
ហាណូយ: គម្រោងផ្លូវល្បឿនលឿន ចូវដុក-កានថូ-សុកត្រាង (Chau Doc – Can Tho – Soc Trang Expressway) ឬដែលខ្មែរ ស្គាល់ថា ផ្លូវល្បឿនលឿន មាត់ជ្រូក-ព្រែកឫស្សី-ខេត្តឃ្លាំង ប្រវែង១៨៨គីឡូម៉ែត្រដែលនឹងរត់កាត់ភូមិសាស្ត្រតំបន់ដីសណ្តទន្លេមេគង្គ បានចាប់ផ្ដើមដំណើរការសាងសង់កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅ។
គម្រោងផ្លូវល្បឿនលឿនក្រោមទុនវិនិយោគរហូតដល់ទៅ១,៨៩ពាន់លានដុល្លារអាមេរិក នេះនឹងចាប់ផ្តើមពីចំណុចភូមិសាស្ត្រកំពង់ផែ Tran De នៃខេត្តឃ្លាំង (Soc Trang) រត់កាត់ខេត្តហូវយ៉ាង (Hau Giang) និងក្រុងព្រែកឫស្សី (Can Tho) និងបញ្ចប់ត្រង់ភូមិសាស្ត្រក្រុងមាត់ជ្រូក (Chau Doc) នៃខេត្តអានយ៉ាង (An Giang)។
-->
ផ្លូវនេះត្រូវបានរចនាដោយមានទទឹង១៧ម៉ែត្រ ដោយមានគន្លងផ្លូវចំនួន៤ក្នុងដំណាក់កាលទី១ ដែលអនុញ្ញាតឱ្យបើកបរក្នុងល្បឿន៨០គីឡូម៉ែត្រក្នុងមួយម៉ោង។ បន្ទាប់មកផ្លូវល្បឿនលឿននេះនឹងត្រូវពង្រីកដល់៦គន្លងផ្លូវដែលមានទទឹងជាង៣២ម៉ែត្រ។
ដោយទទួលបានទុនពីថវិកាថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន គម្រោងទាំងមូលនេះត្រូវបានរំពឹងថានឹងបញ្ចប់ជាស្ថាពរនៅឆ្នាំ២០២៧។
ថ្លែងក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ផ្លូវនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh បានលើកឡើងថា ផ្លូវល្បឿនលឿននេះគឺជាផ្លូវដំបូងគេដែលរត់កាត់លើខ្សែអ័ក្សផ្តេកនៅតំបន់ដីសណ្ដទន្លេមេគង្គ (Mekong Delta) ដោយតភ្ជាប់តំបន់នេះជាមួយប្រព័ន្ធផ្លូវល្បឿនលឿនទូទាំងប្រទេស។
លោកគូសបញ្ជាក់ថា គម្រោងនេះនឹងក្លាយជាផ្នែកមួយនៃបណ្តាញហេដ្ឋារចនាសម្ព័ន្ធថ្នាក់តំបន់ដែលតភ្ជាប់ដីសណ្ដទន្លេមេគង្គ នៃប្រទេសវៀតណាម ជាមួយប្រទេសកម្ពុជា និងបណ្តាប្រទេសផ្សេងទៀតនៅអាស៊ីអាគ្នេយ៍។
គម្រោងនេះគឺជាផ្លូវល្បឿនលឿនមួយក្នុងចំណោមផ្លូវល្បឿនលឿនចំនួន៦ខ្សែ ដែលលាតសន្ធឹងប្រវែងសរុប១.១៨៨គីឡូម៉ែត្រសម្រាប់តំបន់ដីសណ្តទន្លេមេគង្គ នៅត្រឹមឆ្នាំ២០៥០ ដើម្បីបង្កើនការតភ្ជាប់រវាងមជ្ឈមណ្ឌលកសិកម្មរបស់ប្រទេសវៀតណាម ជាមួយក្រុងហូជីមិញ និងមជ្ឈមណ្ឌលសេដ្ឋកិច្ចផ្សេងៗទៀត៕ Vietnam Express៕