សុខុម
បាងកក: ទិន្នន័យគយថៃ បង្ហាញថា ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ប្រទេសថៃ សម្រេចបានជាង៤៨០លានដុល្លារអាមេរិក ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៣ ដោយកើនឡើង៩.៤៧%បើធៀបនឹងជាង៤៣៨លានដុល្លារ ដែលសម្រេចបានក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទំហំនៃការជួញដូររវាងកម្ពុជា និងថៃ ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៣ សម្រេចបានជាង១,៧ពាន់លានដុល្លារ ដោយធ្លាក់ចុះ៨,៧៨%ដូចបានបង្ហាញតាមរយៈតួលេខគយថៃ ដែលត្រូវបានប្រមូលចងក្រងក្នុងព្រឹត្តិបត្រ “ស្ថិតិពាណិជ្ជកម្មទំនិញអន្តរជាតិ”។ នេះបើយោងតាមកាសែតថៃ The Nation ចុះផ្សាយកាលពីថ្ងៃអង្គារ ទី២០ ខែមិថុនា។
ទន្ទឹមនឹងនេះដែរ កម្ពុជា បាននាំចូលទំនិញពីប្រទេសថៃ ក្នុងទំហំជាង១,២ពាន់លានដុល្លារ ដោយធ្លាក់ចុះ១៤,៣៨%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រទេសថៃ គឺជាដៃគូពាណិជ្ជកម្មទំនិញធំបំផុតទី៤ របស់កម្ពុជា សម្រាប់រយៈពេល៥ខែដើមឆ្នាំនេះ បន្ទាប់ពីចិនដីគោក (ក្នុងទំហំ៥,០៧ពាន់លានដុល្លារ) សហរដ្ឋអាមេរិក (ក្នុងទំហំជាង៣,២៩ពាន់លានដុល្លារ) និងប្រទេសវៀតណាម (ក្នុងទំហំជិត២,៩ពាន់លានដុល្លារ)។






