ដោយៈ គង់ សូរិយា
បាត់ដំបងៈ រដ្ឋាភិបាលកម្ពុជាបានអនុញ្ញាត្តឱ្យក្រុមហ៊ុន Dong-fang Junma Cement Co., Ltd វិនិយោគលើរោងចក្រផលិតស៊ីម៉ងត៍ថ្មីមួយ ដែលមានទុនវិនិយោគជិត ១០០ លានដុល្លារនៅខេត្តបាត់ដំបង។
វត្តមានរោងចក្រនេះ នឹងធ្វើឱ្យសមត្ថភាពផលិតកម្មស៊ីម៉ងត៍នៅប្រទេសកម្ពុជាកើនលើសពី៨,៩ លានតោន នៅក្នុង១ឆ្នាំនាពេលខាងមុខ។
-->
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី ១៩ ខែមិថុនា បានចេញវិញ្ញាបនបត្រ ចុះបញ្ជីឱ្យក្រុមហ៊ុន Dongfang Junma Cement Co., Ltd សម្រាប់គម្រោងបង្កើត រោងចក្រផលិតស៊ីម៉ងត៍ ដែលមានទីតាំងស្ថិតនៅឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបងក្រោមទុនវិនិយោគប្រមាណ៩៥លានដុល្លារ និងអាចបង្កើតការងារបាន៩៧៩កន្លែង។
អគ្គលេខាធិការសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា លោក ពុត ចិន្តារិទ្ធ បានមានប្រសាសន៍ឲ្យដឹងថា Dongfang Junma Cement Co., Ltd នឹងក្លាយជាក្រុមហ៊ុនទី៦ ដែលវិនិយោគលើរោងចក្រផលិតស៊ីម៉ងត៍នៅកម្ពុជា ដែលរោងចក្រនេះ នឹងជួយលើកកម្ពស់ផលិតកម្មស៊ីម៉ងត៍ក្នុងស្រុកមួយកម្រិតទៀត។ លោកបន្តថា ស៊ីម៉ងត៍ផលិតនៅកម្ពុជា ត្រូវបានអ្នកជំនាញទទួលស្គាល់ថា មានគុណភាពល្អកម្រិតស្តង់ដា ខណៈក្រុមហ៊ុនមកបណ្តាក់ទុន គឺសុទ្ធតែជាក្រុមហ៊ុនធំៗលំដាប់អន្តរជាតិ។
នៅកម្ពុជាបច្ចុប្បន្ន មានរោងចក្រផលិតស៊ីម៉ងត៍ចំនួន៥ កំពុងដំណើរការ ដោយរោងចក្រទាំងអស់នេះ មានសមត្ថភាពផលិតស៊ីម៉ងត៍បាន៨,៩ លានតោនក្នុង១ឆ្នាំ។
លោកថ្លែងថា “ទោះបីខ្ញុំមិនដឹងថារោងចក្រនេះ នឹងចាប់ផ្តើមសាងសង់ និងបើកដំណើរការពេលណា ប៉ុន្តែការមកដល់របស់រោងចក្រនេះ នឹងជួយឱ្យសមត្ថភាពផលិតកម្ម នៅក្នុងស្រុកកើនឡើងមួយ កម្រិតទៀត”។
ក្នុង១ឆ្នាំៗវិស័យសំណង់កម្ពុជា ត្រូវការស៊ីម៉ងត៍ប្រហែល១២ លានតោន។ ដើម្បីបំពេញតម្រូវការក្នុងស្រុក កម្ពុជាបាននាំចូលស៊ីម៉ងត៍ពី២-៣ លានតោនក្នុង១ឆ្នាំ ពីប្រទេសវៀតណាម ចិន និងប្រទេសថៃ។
អគ្គលេខាធិការសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា លោក ហ៊ុយ វណ្ណា បាននិយាយថា ចាប់តាំងពីមានវត្តមានជំងឺកូវីដ ១៩ មក សកម្មភាព ក្នុងវិស័យសំណង់នៅកម្ពុជា មិនសូវមានសម្ទុះទៅមុខលឿនដូចមុនទេ ដោយបច្ចុប្បន្នគេឃើញមានភាគច្រើន តែគម្រោងអភិវឌ្ឍន៍លំនៅឋានលក្ខណៈបុរី និងសំណង់តូចៗប៉ុណ្ណោះ៕