រដ្ឋាភិបាលកម្ពុជារំពឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ៤,៥លាននាក់ពេញមួយឆ្នាំនេះ

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: រដ្ឋមន្ត្រីក្រសួងទេសចរណ៍ោកថោង ខុន បានបញ្ជាក់ថា រយៈពេល៥ខែដើមឆ្នាំ២០២៣ មានភ្ញៀវទេសចរអន្តរជាតិជាង២,១៦លាននាក់បានមកទស្សនាកម្ពុជា ហើយលោកក៏បានបង្ហាញការរំពឹងទុកថា ពេញមួយឆ្នាំ២០២៣នេះ កម្ពុជានឹងទទួលភ្ញៀវទេស​ចរអន្តរជាតិប្រមាណ៤,៥លាននាក់ និងទេសចរក្នុងស្រុកប្រមាណ១៦លាននាក់។

ការថ្លែងបែបនេះរបស់លោក ថោង ខុន ត្រូវបានធ្វើឡើងក្នុងសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ឆមាសទី២ ឆ្នាំ២០២២ ឆមាសទី១ ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៣-២០២៤នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខារ៉េស៊ីដង់ភ្នំពេញ។លោកថោង ខុន បានបញ្ជាក់ទៀតថា នៅឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ចំនួនជាង២,២លាននាក់ កើនឡើង១,០៥៩% ធៀបនឹងឆ្នាំ២០២១ និងភ្ញៀវទេសចរជាតិបានកើនឡើងលឿន និងកើនលើសចំនួនមុនពេលវិបត្តិជំងឺកូវីដ-១៩ ដោយមានចំនួ​នប្រមាណ១៣,៩លាននាក់ កើនឡើង១៩៩% បើធៀបនឹងឆ្នាំ២០២១។

លោករដ្ឋមន្ត្រីបន្តទៀតថា “ពេញមួយឆ្នាំ២០២៣នេះ យើងរំពឹងថានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ៤,៥លាននាក់ និងទេសចរក្នុងស្រុកប្រមាណ១៦លាននាក់ ដែលប្រហាក់ប្រហែលនឹងការព្យាករនៅក្នុងផែនទីចង្អុលផ្លូវ”។

លោកថោង ខុន បានបញ្ជាក់ថា ដើម្បីធានាចីរភាពនៃការស្តារ និងគាំទ្រវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្ត និងគោលនយោបាយសំខាន់ៗ រួមមាន៖ ទី១-ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ទី២-ផែន​ការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ និងទី៣-ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី ឆ្នាំ២០២១-២០៣៥។ផ្តើមចេញពីឯកសារផែនទីចង្អុលផ្លូវនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវឯកសារដ៏មានសារៈសំខាន់៣ទៀត រួមមាន ទី១-វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣ ទី២-ផែនការយុទ្ធសាស្រ្តស្តីពី ការបើកទទួលទេសចរណ៍វ៉ាក់សាំង និងទី៣-វិធានការគោលនយោបាយអនុវត្តន៍ យុទ្ធនាការឆ្នាំទស្សនាកម្ពុជា២០២៣។

លោករដ្ឋមន្ត្រីក៏បានបង្ហាញសុទិដ្ឋិនិយមថា ជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣នេះ ក៏ជួយជំរុញដល់ការផ្សព្វផ្សាយពីរូបភាពវិជ្ជមានរបស់កម្ពុជា ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ទាំ​ងពេលបច្ចុប្បន្ន និងទៅអនាគត ក្នុងរយៈពេលមធ្យមនិងវែងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here