សិង្ហបុរីបង្កើនការផ្គត់ផ្គង់លំនៅដ្ឋានឯកជនដល់កម្រិតខ្ពស់បំផុត

0

ដោយ: គង់ លាងហួរ

សិង្ហបុរី: ប្រទេសសិង្ហបុរី បានបង្កើនការផ្គត់ផ្គង់លំនៅដ្ឋានឯកជន នៅក្នុងបញ្ជីនៃកម្មវិធីលក់ដីរបស់រដ្ឋាភិបាល (GLS) សម្រាប់ឆមាសទីពីរនៃឆ្នាំនេះ រហូតដល់៥.១៦០យូនីត កើនឡើងពី៤.០៩០យូនីត នៅក្នុងរយៈពេលប្រាំមួយខែដំបូង។

លំនៅដ្ឋានសរុប៩.២៥០យូនីត សម្រាប់ឆ្នាំ២០២៣ទាំងមូលនេះគឺចំនួនខ្ពស់បំផុត ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក ហើយវាក៏ខ្ពស់ជាងការផ្គត់ផ្គង់លំនៅដ្ឋាននៅឆ្នាំ២០២២ ជិត៥០ភាគរយ និងស្មើប្រហែល២,៥ដង បើធៀបនឹងឆ្នាំ២០២១។អាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (URA) បានបញ្ជាក់នៅក្នុងសេចក្តីប្រ​កា​សព័ត៌មាននៅថ្ងៃពុធ ទី២១ ខែមិថុនានេះ ថា កម្មវិធី GLS សម្រាប់ឆមាសទីពីរនៃឆ្នាំនេះ រួមមានទីតាំងចុះបញ្ជី ដែលបានបញ្ជាក់ចំនួន៨ និងទីតាំងបញ្ជីបម្រុងចំនួន៩ទៀត។

យោងតាមការចុះផ្សាយពីកាសែត CNA បានឱ្យដឹងថា ទីតាំងដែល​បាន​បញ្ជាក់​ទាំង​៨ គឺជា​ទីតាំង​លំនៅដ្ឋាន​ឯកជន ក្នុងនោះមានទីតាំងមួយ​សម្រាប់​ខុនដូ​ប្រភេទ Executive Condominium (EC)។ សរុបមក ទីតាំងទាំងនេះអាចផ្តល់ក្រឡា​ផ្ទៃ​ ពាណិជ្ជកម្ម​សរុបចំនួន៤.៩០០ម៉ែត្រការ៉េ។

ដីនៅក្នុងបញ្ជីបញ្ជាក់ត្រូវបានដាក់លក់ នៅកាលបរិច្ឆេទដែលបានកំណត់ទុកជាមុន ដោយក្បាលដីភាគច្រើន ត្រូវបានលក់តាមរយៈការដេញថ្លៃ។

ទន្ទឹមនឹងនេះ ដីនៅក្នុងបញ្ជីបម្រុង មិនត្រូវបានដាក់សម្រាប់ការដេញថ្លៃភ្លាមៗនោះទេ ប៉ុន្តែត្រូវបានផ្តល់ជូនសម្រាប់ការដាក់ពាក្យ។  ទីតាំងចុះបញ្ជីបម្រុង ត្រូវបានដាក់សម្រាប់ការដេញថ្លៃ នៅពេលអ្នកអភិវឌ្ឍន៍បង្ហាញពីតម្លៃអប្បបរមាមួយ ដែលត្រូវបានទទួលយកដោយរដ្ឋាភិបាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here