ក្រុមហ៊ុនអាកាសចរណ៍ចិនចំនួន៥ស្នើសុំការគាំទ្រពីអគ្គ នាយកដ្ឋានពន្ឋដា

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ តំណាង​សហគ្រាស​អាកាសចរណ៍​ចិន ​ប្រចាំ​កម្ពុជា ​ចំនួន៥ បានស្នើសុំ​ការគាំទ្រ​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ ​(GDT) ដើម្បី​ឈ្វេងយល់​ឱ្យបាន​កាន់តែ​លម្អិត​ អំពី​អនុលោមភាព និង​កាតព្វកិច្ច​សារពើពន្ឋ របស់​សហគ្រាស​អាកាសចរណ៍​នៅ​កម្ពុជា ក៏ដូចជា​លើកឡើង​ពី​បញ្ហា​ប្រឈម​នានា​ ក្នុង​វិស័យ​ពន្ធដារ​ ដែល​សហគ្រាស​អា​កាស​ចរណ៍​កំពុង​ជួបប្រទះ​។​

ជំនួប​នេះ​ ដែលបានធ្វើ​ឡើង​កាលពី​សប្តាហ៍​មុន រវាង​លោក តែ ហ្សី​ឌី ប្រធាន​នាយកដ្ឋាន​សវនកម្ម​ស​ហ​គ្រាស ​នៃ​អគ្គនាយដ្ឋាន​ពន្ធដារ ជាមួយ​តំណាង​សហគ្រាស​អាកាស​ចរណ៍​ចិន​ទាំង​៥ ប្រចាំ​នៅ​កម្ពុជា ដែល​រួមមាន​ការិយាល័យ​តំណាង​ក្រុមហ៊ុន China Southern Airlines Company Limited សាខា​ក្រុមហ៊ុន Air China Limited ​សាខា​ក្រុមហ៊ុន China Eastern Airlines Co., LTD សាខា​ក្រុមហ៊ុន Xiamen Airlines Co., LTD និង​សាខា​ក្រុមហ៊ុន Shenzhen Airlines Co., LTD​។​លោក Liu Yangfu​ ប្រធាន​ផ្នែក​ពន្ធដារ​នៃ​ក្រុមហ៊ុន​ Air China Limited និង​ជា​ប្រធាន​ប្រតិភូ ក៏បាន​សម្ដែង​ការ​អរគុណ និង​វាយតម្លៃ​ខ្ពស់ ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង និង​ការសហ​ការ​​របស់​អគ្គ​នាយកដ្ឋាន​ពន្ធដារ​នា​ពល​កន្លងមក​។ លោក​រំពឹងថា រាល់​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងអស់ ​នឹង​ទទួលបាន​ការយកចិត្ត​ទុកដាក់ និង​កិច្ចសហការ​នានា​ក្នុងការ​គោរព​តាម​អនុលោមភាព​នៃ​ពន្ធ ​ក្នុងប្រទេស​កម្ពុជា​បន្តទៅ​មុខ​ទៀត​។​

ចំណែកលោក តែ ហ្សី​ឌី បាន​ថ្លែងថា តាមរយៈ​ជំនួប​នេះ​អគ្គនាយកដ្ឋាន​ពន្ធដារ ​នឹង​ចាត់​តំណាង​ឱ្យទៅ​ធ្វើការ ​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​ទាំង​៥ ដើម្បី​ជំរុញ​ឱ្យ​កិច្ចសហការ​កាន់ តែ​មាន​ភាពជិតស្និទ្ធ​បន្ថែមទៀត សំដៅ​ធ្វើ​យ៉ាង​ឱ្យ​រាល់​ម្ចាស់​អាជីវកម្ម ​ក្នុង​វិស័យ​អាកា​សចរណ៍​ស៊ីវិល​នេះ ​ប្រព្រឹត្តទៅបាន​រលូន និង​ទទួលបាន​ជោគជ័យ ​ក្នុង​ដំណើការ​អាជីវកម្ម​រប​ស់​ខ្លួន ​នៅ​កម្ពុជា​។​

ជាមួយគ្នានេះ លោក​ ធៀ​ម ធឿ​ង ​ប្រធាន​សមាគម​មគ្គុទេសក៍​ទេសចរណ៍​ភាសា​ចិន​-កម្ពុជា ដែលមាន​ទីស្នាក់ការ​នៅ​ខេត្តសៀមរាប បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ទោះបី​ពិភពលោក​ពេលនេះ ​បាន​បើកទូលាយ​ដូច​មុន ពេល​មាន​វត្តមាន​ជំងឺ​កូ​វីដ​១៩ ក៏​ចំនួន​ជើងហោះហើរ និង​ភ្ញៀវទេសចរ​បរទេស ពិសេស​ជនជាតិ​ចិន ​ដែល​ធ្វើដំណើរ​មក​កម្ពុជា​ គឺ​នៅតែមាន​ចំនួន​តិចតួច​នៅឡើយ​ បើ​ធៀប​នឹង​មុន​ឆ្នាំ​២០២០​។ ភ្ញៀវទេសចរ​មកពី​ប្រទេស​ចិន ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ ក្នុង​វិស័យ​ទេសចរណ៍​កម្ពុ​ជា មុន​ឆ្នាំ​២០២០​។

លោក​បន្តថា “ភាពស្ងប់ស្ងាត់​នៃ​ចំនួន​ភ្ញៀវទេសចរ​ចិន គឺអាច​បណ្តាលមកពី​សេដ្ឋកិច្ច​គ្រួសារ​របស់​ពួកគេ​ មិនទាន់​ល្អ​ដូចពេលមុន”​។

​យោងតាមទិន្នន័យ​ផ្លូវការ​របស់ ​ក្រសួងទេសចរណ៍​បានឱ្យដឹងថា នៅក្នុង​រយៈពេល៤​ខែ​ដំបូង ​ឆ្នាំ​២០២៣ កម្ពុជាទទួលបាន​ភ្ញៀវ​បរទេស​សរុប១,៧២១,៦៦៨​នាក់ កើនឡើង៦១៣ ​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២២​។ ​

ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច និង​កំណើន​ភ្ញៀវទេសចរ កម្ពុជា បាននិងកំពុង​សាងសង់ និង​គ្រោង​បើក​ឱ្យ​ដំណើរការ​ព្រលានយន្តហោះ​អន្តរជាតិ​មួយចំនួន ពិសេស​ព្រលាន​អន្តរជាតិ​សៀម​រាប​ថ្មី និង​អន្តរជាតិ​តេ​ជោ​ក្រុង​តាខ្មៅ និងកំពុងពង្រីកផ្លូវរត់នៅអាកាសយានដ្ឋាន​កងកេង ខេត្តព្រះសីហនុ​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here