ដោយៈ គង់ សូរិយា
ភ្នំពេញៈ ស្របពេលស្ថានភាពវិស័យសំណង់ និងអចលនវត្ថុកំពុងបន្តភាពស្ងប់ស្ងាត់ អ្នកជំនាញបានស្នើរដ្ឋាភិបាលពិចារណា ក្នុងតការទម្លាក់កញ្ចប់ឥណទាន ដើម្បីឲ្យវិស័យឯកជនប្រើប្រាស់ ដើម្បីធ្វើសកម្មភាពអភិវឌ្ឍន៍ក្នុងវិស័យនេះ។
អតីតប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនCentury21 Mekongបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី២១ មិថុនាថា ស្ថានភាពក្នុងវិស័យនេះ កំពុងមានសភាពស្ងប់ស្ងាត់ អ្នកវិនិយោគអន្តរជាតិ ពិសេសអ្នកវិនិយោគចិន ពួកគាត់មិនទាន់សម្រេចចិត្តវិនិយោគនៅឡើយទេ។
លោកបន្តថា “អ្នកវិនិយោគចិននៅតែដើរមើល ប៉ុន្តែពួកគេមិនទាន់សម្រេចចិត្តទិញ និងមានសកម្មភាពវិនិយោគនៅឡើយទេ ខណៈអ្នកវិនិយោគក្នុងស្រុកបាន និងកំពុងមានសភាពស្ងប់ស្ងាត់ផងដែរ”។ លោកបន្ថែមថា “ប្រសិនជារាជរដ្ឋាភិបាល បញ្ចេញកញ្ចប់ថវិកាណាមួយ ដើម្បីជួយដល់វិស័យឯកជនក្នុងវិស័យនេះ ដូចក្នុងវិស័យទេសចរណ៍ ពិតជាប្រសើរណាស់ ព្រោះវានឹងជម្រុញឲ្យវិស័យនេះ មានសភាពរសរវើកឡើងវិញ”។

លោកវង្សី វិស្សុតរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុធ្លាប់បានលើកឡើងក្នុងវេទិកាសាធារណៈថា វិស័យសំណង់ និងអចលនវត្ថុបានរួមចំណែកប្រមាណ១០ភាគរយ នៃផលទុនជាតិសរុប ប៉ុន្តែអ្នកអភិវឌ្ឈន៍មានតែប្រមាណ២០ភាគរយប៉ុណ្ណោះអាចរស់រានបាន ប៉ុន្តែរដ្ឋាភិបាលនឹងមិនឲ្យវិស័យនេះជាប់គាំងនោះទេ រដ្ឋាភិបាលនឹងអន្តរាគមន៍លើបញ្ហានេះ។




