ដោយៈ គង់ សូរិយា
ភ្នំពេញៈ អគ្គនាយក នៃនិយ័តករបរធនបាលកិច្ច លោកសុខ ដារ៉ា បានបញ្ជាក់ឲ្យដឹងថា គិតមកដល់ពេលនេះ បរធនបាលកិច្ច ដែលកំពុងធ្វើប្រតិបត្ដិការ នៅក្នុងប្រទេសកម្ពុជា មានទំហំទឹកប្រាក់ ប្រមាណ១.៤ពាន់លានដុល្លារសហរដ្ឋអាមេរិក។
ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក សុខ ដារ៉ា អញ្ជើញចូលរួម ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) និង វិទ្យាស្ថានខេមអេដ ស្ដីពី “កិច្ចសហប្រតិបត្តិការ លើការលើកកម្ពស់ការយល់ដឹង និងផ្លាស់ប្តូរជំនួយបច្ចេកទេស ក្នុងក្របខណ្ឌវិស័យបរធនបាលកិច្ច នៅកម្ពុជាកាលពីថ្ងៃទី២១ មិថុនាកន្លងមកនេះ។
លោកបញ្ជាក់ថា “សម្រាប់បរធនបាលកិច្ច ដែលកំពុងធ្វើប្រតិបត្ដិការ នៅក្នុងប្រទេសកម្ពុជា ដែលគិតមកដល់ពេលនេះ បានចុះបញ្ជីចំនួន៥២៣ករណី ជាមួយនឹងបរធនបាល ប្រមាណ១ពាន់៤លានដុល្លារ ប៉ុន្ដែនៅខែក្រោយចំនួននេះ នឹងកើនឡើង”។






