សុខុម
កំពូលមហាសេដ្ឋីបច្ចេកវិទ្យាដ៏ល្បីរន្ទឺបំផុតរបស់ពិភពលោក២រូបគឺលោក Elon Musk មេក្រុមហ៊ុនផលិតរថយន្តអគ្កិសនី Tesla ព្រមទាំងក្រុមហ៊ុន Twitter និងលោក Mark Zuckerberg មេក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គម Meta បានបបួលគ្នាវ៉ៃដាក់ទ្រុងមួយស្មើ ធ្វើឱ្យផ្អើលមួយពិភពលោក។
លោក Elon Musk ដែលនឹងឈានចូលវ័យ៥២ឆ្នាំនៅចុងខែនេះបានបង្ហោះសារលើបណ្ដាញទំនាក់សង្គម Twitter របស់លោកថា លោកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ “ការវ៉ៃគ្នាដាក់ទ្រុង” ជាមួយលោក Mark Zuckerberg ដែលមានវ័យ៣៩ឆ្នាំ។
-->
ដោយមិនបង្អង់យូរ លោក Mark Zuckerberg ថៅកែក្រុមហ៊ុន Mata ដែលជាក្រុមហ៊ុនមេរបស់ Facebook និង Instagram បាន Screenshot សំណេររបស់លោក Elon Musk អមដោយ Caption ក្ដៅគគុកថា “ផ្ញើទីតាំងឱ្យខ្ញុំមក!”។
ចំណែកឯលោក Elon Musk ក៏មិនបង្អង់យូរដែរ ដោយបានប្រាប់ទីតាំងឆ្លើយតបសំណេររបស់ Mark Zuckerberg ថា “នៅសង្វៀន Vegas Octagon”។ Vegas Octagon គឺជាសង្វៀនប្រដាល់ UFC ដែលមានមូលដ្ឋាននៅទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក។
ប៉ុន្តែតើអ្វីជាដើមចមដែលធ្វើឱ្យលោក Elon Musk និងលោក Mark Zuckerberg ឈានដល់ការណាត់វ៉ៃគ្នាដាក់ទ្រុងមួយស្មើ ផ្អើលមួយពិភពលោកបែបនេះ? ចម្លើយយ៉ាងខ្លី គឺកាច់កុងគ្នារឿងមុខជំនួញ មុននឹងឈានទៅដល់ការឌឺដងបង្កជាសង្គ្រាមពាក្យសម្ដីធ្ងន់ធ្ងរបែបនេះ។
លោក Elon Musk កាលពីពេលថ្មីនេះបានបង្ហោះសារលើ Twitter ថា “ខ្ញុំចេះក្បាច់ (ក្បាច់គុណ) ដ៏អស្ចារ្យនេះដែលខ្ញុំឱ្យឈ្មោះថា “ក្បាច់តោសមុទ្រ ឬ Warlus) ដែលខ្ញុំគ្រាន់តែដេកសង្កត់ពីលើគូប្រកួតរបស់ខ្ញុំ ហើយមិនបាច់ធ្វើអ្វីទាំងអស់”។
ក្រោយមកទៀត លោកក៏បានបង្ហោះវីដេអូរូបតោសមុទ្រក្នុងន័យឌឺដងបែបលេងសើចទៅកាន់លោក Mark Zuckerberg ប៉ុន្តែលោកមិននឹកស្មានថារឿងរ៉ាវវាធ្ងន់ធ្ងរដល់ថ្នាក់នេះឡើយ។ លោកក៏បានសរសេរទៀតថា “ខ្ញុំស្ទើរតែមិនដែលហាត់ប្រាណ លើកលែងតែការងារទៅទទួលកូនៗចេញពីសាលារៀន និងលើកពួកគេបោះលេងតែប៉ុណ្ណោះ”។
ចំណែកឯលោក Mark Zuckerberg មិនមែនជាមនុស្សដំឡូងមូលដូចលោក Elon Musk នោះឡើយ ដោយលោកជាអ្នកក្បាច់គុន (MMA) ហើយលោកទើបតែបានឈ្នះការប្រកួតវិលជុំកីឡា Jiu-jitsu កាលពីពេលថ្មីៗនេះប៉ុណ្ណោះ។
ការឆ្លើយឆ្លងពាក្យសម្ដីបែបឌឺដងគ្នាយ៉ាងក្ដៅគគុកនេះបានបង្កការភ្ញាក់ផ្អើលពេញពិភពលោគ ដោយអ្នកនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមបបួលគ្នាភ្នាល់ថា តើចាក់ខាងលោក Elon Musk ឬ ក៏ចាក់ខាងលោក Mark Zuckerberg ខណៈអ្នកខ្លះទៀតថែមទាំងបានបង្ហោះរូប Poster ផ្សព្វផ្សាយពីការប្រកួតរវាងលោកទាំង២ទៀតផង។
ការប្រជែងគ្នាផ្នែកបច្ចេកវិទ្យា ប្រភពបានទម្លាយប្រាប់សារព័ត៌មាន BBC ថា កាលពីដើមខែនេះ ក្រុមហ៊ុន Mata បានបង្ហើបប្រាប់បុគ្គលិករបស់ខ្លួននូវផែនការបង្កើតបណ្ដាញទំនាក់ទំនងសង្គមមួយផ្ដោតលើអត្ថបទ (Text) ថ្មីមួយដើម្បីប្រជែងនឹងក្រុមហ៊ុន Twitter។
បណ្ដាញសង្គមថ្មីរបស់ក្រុមហ៊ុន Mata ខាងលើនេះអាចអនុញ្ញាតឱ្យគណនី (Account) ដែលអ្នកប្រើប្រាស់ Follow លើ Instagram ដែលជា App បង្ហោះចែករំលែករូបភាពរបស់ Meta៕ BBC៕