ដោយ: គង់ លាងហួរ
អន្តរជាតិ: មជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ(REIC) បានរាយការណ៍ថា ជនបរទេសបានចំណាយប្រាក់ ប្រហែល៤៨៧,៤លានដុល្លារលើខុនដូ ក្នុងប្រទេសថៃក្នុងកំឡុងត្រីមាសទី១ឆ្នាំនេះ កើនឡើង៦៧% ពីមួយឆ្នាំទៅមួយឆ្នាំ និងជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលប្រាំឆ្នាំកន្លងមក។
ខុនដូសរុបចំនួន៣.៧៧៥យូនីត ដែលមានតម្លៃ១៧,១២ពាន់លានបាតត្រូវបានផ្ទេរ ទៅឱ្យជនបរទេសចាប់ពីខែមករា រហូតដល់ខែមីនា។ ចំនួននេះគឺកើនឡើង៧៩,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
-->
REIC បានបន្ថែមថា ទីផ្សារអចលនទ្រព្យថៃបានលក់ខុនដូជាច្រើន ដល់ជនបរទេសចាប់តាំងពីត្រីមាសទី១ឆ្នាំមុន ដោយសារការបើកដំណើរការឡើងវិញរបស់ប្រទេសថៃ និងប្រទេសមួយចំនួនទៀត។
ជនបរទេស ដែលបានទិញខុនដូច្រើនជាងគេ នៅប្រទេសថៃក្នុងត្រីមាសទី១ ឆ្នាំនេះ មានដូចជា ជនជាតិចិនទិញ១.៧៤៧យូនីត ជនជាតិរុស្ស៊ីទិញ៣៨៧យូនីត ពលរដ្ឋអាមេរិកទិញ១៥៦យូនីត ជនជាតិអង់គ្លេសទិញ១៤៦យូនីត។ ជនជាតិអាល្លឺម៉ង់ទិញ១៣១យូនីត ជនជាតិបារាំងទិញ១៣០យូនីត។ តៃវ៉ាន់ទិញ៩៤យូនីត ជនជាតិមីយ៉ាន់ម៉ាទិញ៧៦យូនីត ជនជាតិអូស្ត្រាលីទិញ៧១យូនីត ជនជាតិឥណ្ឌាទិញ៦៣យូនីត និងជនជាតិផ្សេងទៀតទិញ៧៧៤យូនីត។
ទំហំមធ្យមនៃខុនដូ ដែលពួកគេបានទិញគឺ៤៤,៧ម៉ែត្រការ៉េ មានតម្លៃជាមធ្យម៤,៥លានបាត ក្នុងមួយយូនីត ឬ១០១.៥៥៣បាតក្នុងមួយម៉ែត្រការ៉េ។
ខេត្តកំពូលទាំងប្រាំ ដែលជនបរទេសបានទិញខុនដូ និងអាផាតម៉ិនច្រើនជាងគេក្នុងត្រីមាសទី១ គឺខេត្តឈុនបុរី (១.៦០១យូនីត) បាងកក (១.៤២៣យូនីត) ខេត្តឈៀងម៉ៃ (២៤០យូនីត) ខេត្តភូកេត (២០៨យូនីត) និងខេត្ត Prachuap Khiri Khan (៩៥យូនីត) ។
លើសពីនេះទៀត រាជធានីថៃ និងទីក្រុងរមណីយដ្ឋានភាគខាងកើតរបស់ខេត្តឈុនបុរី រួមគ្នាបង្កើតបានជិត៨៥% នៃខុនដូទាំងអស់ដែលបានទិញដោយជនបរទេស ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំនេះ៕