ដោយ: គង់ លាងហួរ
ភ្នំពេញ: មន្ត្រីជាន់ខ្ពស់មួយរូបបានឱ្យដឹងកាលពីថ្ងៃសុក្រថា វិស័យសំណង់របស់កម្ពុជា បានទាក់ទាញទុនវិនិយោគចំនួន២,២៧ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំនេះ កើនឡើង១៣៨ភាគរយធៀបនឹងឆ្នាំមុន។
លោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ប្រទេសកម្ពុជាបានផ្តល់អាជ្ញាប័ណ្ណ ដល់គម្រោងសាងសង់ចំនួន១.៤៦៣គំរោង ក្នុងរយៈពេល៥ខែ រាប់ចាប់ពីខែមករា ដល់ខែឧសភាឆ្នាំ២០២៣នេះ។លោកបានបន្តថា “កំណើននៃគម្រោងសាងសង់ ដែលត្រូវបានអនុម័តបានបង្ហាញថា វិស័យសំណង់ និងអចលនវត្ថុបានចាប់ផ្តើមងើបឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារជំងឺរាតត្បាតកូវីដ-១៩”។
យោងតាមមន្ត្រីជាន់ខ្ពស់រូបនេះ បច្ចុប្បន្នកម្ពុជាមានអគារខ្ពស់ចំនួន២.៥៨៦ (កំពស់ចន្លោះពី៥ ទៅ៤០ជាន់) និង៥៤៧ទីតាំងនៃទីក្រុងថ្មី និងអគារលំនៅដ្ឋាន និងផ្ទះល្វែងចំនួន៤០.៩១៧ខ្នង។
វិស័យសំណង់ និងអចលនទ្រព្យជាសសរស្តម្ភមួយ ក្នុងចំណោមសសរស្តម្ភទាំង៤ ដែលជួយដល់សេដ្ឋកិច្ចរបស់កម្ពុជា។ ចំណែកវិស័យសំខាន់៣ផ្សេងទៀត គឺការនាំចេញសម្លៀកបំពាក់ ទេសចរណ៍ និងកសិកម្ម៕