ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ លោកUENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានថ្លែងថា ត្រូវបានទទួលស្គាល់ជាសកលថា ជាប្រព័ន្ធទូទាត់គំរូល្អមួយ សម្រាប់ប្រទេសក្នុងតំបន់អាស៊ី ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍។
លោកបានថ្លែងបែបនេះ ក្នុងជំនួបជាមួយលោកជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជាកាលពីសប្តាហ៍មុន។
ក្នុងឱកាសនោះ លោកទេសាភិបាលជា ចាន់តូ បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ លោកUENO ដែលទទួលតំណែងជាឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាថ្មី និងបានជម្រាបជូនវឌ្ឍនភាពស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារនៅកម្ពុជា ព្រមទាំងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អ រវាងធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលជប៉ុន ក៏ដូចជាអង្គការនានារបស់ប្រទេសជប៉ុន។
-->
លោកUENO Atsushi បានកោតសរសើរចំពោះការរីកចម្រើននៃគ្រប់វិស័យនៅកម្ពុជា ប្រៀបធៀបនឹងដំណើរទស្សនកិច្ច លើកដំបូងមកប្រទេសកម្ពុជាកាលពីជាង៣០ឆ្នាំកន្លងទៅ។
លោកក៏បានសំដែងការអបអរសាទរ ចំពោះធនាគារជាតិនៃកម្ពុជាក្នុងការសម្រេចបាន នូវការកសាងប្រព័ន្ធធនាគារ ដែលមានស្ថិរភាព ជាពិសេសការអភិវឌ្ឍប្រព័ន្ធទូទាត់បាគង ដែលត្រូវបានទទួលស្គាល់ជាសកលថា ជាប្រព័ន្ធទូទាត់គំរូល្អមួយ សម្រាប់ប្រទេសក្នុងតំបន់អាស៊ី ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍ ដូចបានរំលេចនៅក្នុងសុន្ទរកថា របស់ឯកឧត្តម Fumio Kishida នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន នាវេទិកាអនាគតអាស៊ី (Future of Asia Forum) ដែលរៀបចំឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីខែឧសភា កន្លងទៅនេះ។
លោកបន្ថែមថា បន្ទាប់ពីបានចូលទស្សនកិច្ច នៅសារមន្ទីសេដ្ឋកិច្ចនិងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន លោកបានយល់កាន់តែច្បាស់អំពីប្រវត្តិនៃស្ថានភាពសេដ្ឋកិច្ច និងរូបិយវត្ថុកម្ពុជា ចាប់តាំងពីសតវត្សរ៍ទី១ រហូតដល់បច្ចុប្បន្ន៕